ពលរដ្ឋជិតមួយភូមិ កំពុងធ្វើចត្តាឡីស័ក បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន (Video Inside)
ប្រជាពលរដ្ឋជិតមួយភូមិប្រមាណជិត២០០គ្រួសារកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី៦មេសាឆ្នាំ ២០២១នេះ។
អំណោយចែកជូនដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមមានទាំងថវិកា សាច់ជ្រូក និងស្បៀង អាហារផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋចំនួន១៩៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦, សង្កាត់ទន្លេ បាសាក់ នៃខណ្ឌចំការមន។ អភិបាលរាជធានី ក្នុងឳកាសផ្តល់ស្បៀងនិងអំណោយ បានថ្លែងសុំការយោគយល់ ពីប្រជាពលរដ្ឋ ចំពោះការបិទភូមិមួយនេះ មិនអោយចេញចូល ដោយសារតែនេះ ជាវិធាន របស់ក្រសួងសុខា ភិបាល ដើម្បីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ លោកបន្តថា ការបិទបរិវេណភូមិសាស្ត្រធ្វើចត្តាឡីស័កនេះ នៅ ប្រទេសណា ក៏គេធ្វើដូចគ្នាដូច្នេះដែរ គឺសំដៅធ្វើយ៉ាងណា កុំអោយជម្ងឺកូវិដ១៩ រីករាលដាលកាន់តែខ្លាំង។
មន្ត្រីរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់អោយដឹងផងដែរថា ប្រជាពលរដ្ឋ រស់នៅក្នុងភូមិទី១៦ សង្កាត់ទន្លេ បាសាក់នេះ មានចំនួនជាង ៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋ ដែលអាជ្ញាធរ តម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅពេលនេះ មានចំនួន ១៩៤ គ្រួសារនោះទេ។
អំណោយដែលប្រគល់ជូន ក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល, សាច់ជ្រូក ២ គីឡូក្រាម, ត្រីខ១០ កំប៉ុង និងទឹកបរិសុទ្ធ១កេស ខណៈដែលកាលពីយប់ ថ្ងៃទី៥ មេសា លោក ឃួង ស្រេង បានប្រគល់ជូននូវអង្ករ ចំនួន ២៥ គីឡូក្រាម ក្នុង១គ្រួសារ រួចហើយដែរនោះ៕