រាជរដ្ឋាភិបាល ប្រើប្រាស់វិធីដាក់ព្យាបាលអ្នកឆ្លងកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ (Video Inside)
កំណើនមិនព្រមស្រកចុះ នៃចំនួនអ្នកឆ្លងរាលដាលដោយសារកូវីដ១៩ បានជម្រុញឲ្យប្រមុខរាជរដ្ឋាភិបាលប្រើប្រាស់បទពិសោធន៍ ពីប្រទេសមួយចំនួនលើពិភពលោក ដោយដាក់អ្នកឆ្លងកូវីដ១៩ណា ក្នុងលក្ខណៈស្រាល ឲ្យធ្វើការព្យាបាលនៅតាមផ្ទះរបស់គេ, ចំណែកអ្នកឆ្លងធ្ងន់ធ្ងរ នឹងត្រូវដាក់ការព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យ បំរុងនានាសម្រាប់ការព្យាបាលអ្នកឆ្លងកូវីដ១៩ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវគេឃើញថាស្ទើរតែបាន ពេញគ្មានចន្លោះនោះទៅហើយ ដោយសារតែសន្ទុះនៃការឆ្លងរាលដាលនៅតែមានសភាពខ្ពស់មិនទាន់ស្រកចុះ និងមនុស្សដែលបានព្យាបាលជាសះស្បើយរួចមកនេះ មិនទាន់សមមាត្រនឹងចំនួនអ្នកបញ្ជួនចូលព្យាបាលនោះ ឡើយ។
សម្តេចនាយករដ្ឋមន្ត្រីក្នុងសារសម្លេងមួយនៅថ្ងៃនេះ បានបញ្ជាក់ជុំវិញ ការប្រើប្រាស់បទពិសោធន៍តាម លំនាំប្រទេសមួយចំនួនលើសកលលោក និងសម្តេចបានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញរៀបចំ ក្រមប្រតិបត្តិនិង គោលការណ៍ពាក់ព័ន្ធនានា ជុំវិញការអនុញ្ញាតការព្យាបាលខ្លះធ្វើនៅតាមផ្ទះ ។
សម្តេចបានថ្លែងបញ្ជាក់ទៀតថា ចំពោះអ្នកឆ្លងកូវីដ១៩ណាដែលមានលក្ខណៈស្រាល និងមានផ្ទះសមរម្យ ត្រូវរក្សាទុកអ្នកជម្ងឺនោះនៅនឹងផ្ទះរបស់ខ្លួនដើម្បីធ្វើការព្យាបាល លើកលែងតែអ្នកឆ្លងជម្ងឺកូវីដ១៩នោះ មានលក្ខណៈធ្ងន់ធ្ងរដែលគេចាំបាច់ត្រូវយកអ្នកជម្ងឺនោះ មកព្យាបាលនៅក្នុងមន្ទីរពេទ្យវិញ។ សម្តេចតេជោហ៊ុនសែន បញ្ជាក់បន្ថែមថា ចំពោះអ្នកឆ្លងកូវីដ១៩ណាដែលមានផ្ទះទំហំតូចដែលការស្នាក់នៅក្នុងផ្ទះ នឹងបង្កការឆ្លងដល់ អ្នកដទៃក្នុងគ្រួសារ គឺនឹងត្រូវយកអ្នកឆ្លងជម្ងឺនោះមកព្យាបាលនៅក្នុងមន្ទីរពេទ្យវិញ។ តាមវិធីនេះ សម្តេចបាន រំពឹងនឹងអាចមានភាពធូរស្រាលខ្លះ ដែលមិនធ្ងន់ធ្ងរពេកនៅតាមមន្ទីរពេទ្យត្រៀមបំរុងដូចបច្ចុប្បន្ន។
យោងតាមប្រមុខរាជរដ្ឋាភិបាល ការព្យាបាលដាក់នៅតាមផ្ទះនោះ នឹងត្រូវទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលថែមទៀត ដូចករណីធ្លាប់បានធ្វើចំពោះពលរដ្ឋទាំងឡាយ ដែលបានដាក់ឲ្យធ្វើចត្តាឡីស័កនារយៈពេល កន្លងមកនេះផងដែរ។