រដ្ឋបាលរាជធានីភ្នំពេញ រកអ្នកឆ្លៀតឳកាសតម្លើងថ្លៃទំនិញ (Video Inside)
ការលួចតម្លើងថ្លៃទំនិញ ក្នុងពេលដែលពលរដ្ឋបានសម្រុកនាំគ្នាទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ បានប្រញាប់ឲ្យរដ្ឋបាលរាជធានីស្វែងរកម្ចាស់ហាងនិងម្ចាស់លក់ដូរទំនិញដែលឡើងថ្លៃហួសហេតុនោះ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសចាត់វិធានការតាមផ្លូវ ច្បាប់លើមនុស្សឆ្លៀតឳកាសតម្លើងថ្លៃទំនិញ និងលោកបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ ក្នុងឳកាស ដែលកម្ពុជា កំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។ លោកអភិបាលរាជធានី ឃួង ស្រេង បានចាត់ទុកការដំឡើងថ្លៃ ទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
នៅជាមួយគ្នានេះផងដែរ ផ្សារទំនើបធំចំនួន១១ផ្សារ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ជាផ្សារដែល មានទំនិញពេញគ្រប់ប្រភេទនិងមិនលក់ឡើងថ្លៃឡើយ។ ផ្សារទាំង១១នោះ គឺផ្សារទំនើបឡាក់ឃី, ផ្សារទំនើបជីប ម៉ុង, ផ្សារទំនើបម៉ាក្រូ, ផ្សារអ៊ីអនម៉លភ្នំពេញ, ផ្សារExpress, ផ្សារទំនើប Super Duper, ផ្សារ Circle K Cambodia, ផ្សារ Cambodian Super Store, ផ្សារថៃហួត Super Market, ផ្សារ Daily Marche (ម៉ាកស្ហេ) និង ផ្សារ បាយ័ន Super Market ។