រដ្ឋលេខាធិការក្រសួងពត៌មាន នាំយកអំណោយ ជាភេជ្ជៈ និងថវិការ ឧបត្ថម្ភជូនដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច ក្នុងការបិទខ្ទប់ LOCK DOWN ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មាន កាលពីរសៀលថ្ងៃ១៨ មេសា ឆ្នំា២០២១ បានដឹកនាំក្រុមការងារ ផលិតឯកសារក្រសួងចុះថតសកម្មភាព និងរូបភាពផ្សេងៗ របស់កម្លាំងសមត្ថកិច្ចកំពុងអនុវត្តច្បាប់បំម្រាមគោរចតាមសេចក្ដីសម្រេចលេខ៤៩សសរចុះថ្ងៃ ទី១៧ មេសា២០២១ របស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីរក្សាទុកឯកសារសម្រាប់ប្រើប្រាស់និងរក្សាទុកក្នុងក្រសួងពត៌មាន (គណៈកម្មាធិការនីតិកម្មនិងគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ) ។
ក្នុងឱកាសចុះផលិតឯកសារ ឯកឧត្តម សុខ ប្រសិទ្ធិ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៌តមាន មាន៖ ទឹកសុទ្ធ១០កេស បាកាស៥កេស ទឹកក្រូច៥កេស និងថវិការ១លាន៤សែនរៀលប្រគល់ ជូនដល់កងកម្លាំងរបស់នាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ ដែរកំពុងបំពេញភារកិច្ចឈរជើងនៅចំណុចគោលដៅ ស្តុបណតប្រីត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឧបត្ថម្ភ ទឹកសុទ្ធ១០កេស ទឹកបាកាស៥កេស ទឹកក្រូច៥កេស ថវិការ២លាន២សែនរៀល ជូនគោលដៅមួយទៀតរបស់កងកម្លាំងបញ្ជាការឯកភាពស្រុកលើកដែក ខេត្តកណ្ដាល ត្រង់ចំនុចស្ពានអ្នកលឿង ។
ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍ថា ក្នុងអំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល កងកម្លាំងត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់បងប្អូនក្នុងមូលដ្ឋាន បង្កើនការអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងវិធានការណ៍បិទខ្ទប់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលនិងតាមបណ្ដាលខេត្តផ្សេងៗទៀតទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ឯកឧត្តម បានផ្សព្វផ្សាយពីសេចក្ដីសម្រេចស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្នុងសេចក្ដីសម្រេចប្រការ២ថ្មី៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានអនុញ្ញតក្នុងករណីចាំបាច់។ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរពីគណកម្មការប្រតិបត្តិនៃ(គ ប ខ)អមដោយឯកសារសម្គាល់អត្តសញ្ញាណនិងលិខិតបញ្ចាក់ការងារដែលមានកំណត់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយទីកន្លែងអាជីវកម្មពាក់ពន្ធ័៕