ពលរដ្ឋចិននៅកម្ពុជា ១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី១
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ការរៀបចំជាពិសេសនូវសកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ក្នុងប្រទេស កម្ពុជា ដំណាក់កាលទីមួយ ត្រូវបានបញ្ចប់យ៉ាងរលូន។
នាថ្ងៃទី២០ ខែមេសា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) បានបន្តដំណើរមកដល់ការដ្ឋានគម្រោងនៃអាកាសយានដ្ឋានអន្តរ ជាតិសៀមរាបប្រទេសកម្ពុជា។ នាម៉ោង១២ ថ្ងៃត្រង់ គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ចប់ការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកជនជាតិ ចិន មួយរូបចុងក្រោយនៃគម្រោងនេះ។ នេះបានបង្ហាញពីការរៀបចំជាពិសេសនូវសកម្មភាពចាក់វ៉ាក់សាំង និទាឃ រដូវ ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយបានបញ្ចប់យ៉ាងរលូន។
ស្ថានទូតចិន បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាចំនួន ១ម៉ឺននាក់ (រួមបញ្ចូលទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានចាក់វ៉ាក់សាំងដូសទី១។
ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រពេញទំហឹង ពីស្ថាប័នក្នុងប្រទេសកម្ពុជារួមមានក្រសួង សុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាថ្លែងអំណរគុណជូនចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន(កម្ពុជា)។ ស្ថានទូតបានបន្ថែមថា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ នឹងធ្វើដំណើរបន្តនៅក្នុងប្រទេសកម្ពុជា៕


