អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់កសិករទាំងអស់ ត្រូវខិតខំពង្រីកផ្ទៃដីដាំដុះដំណាំផ្សេងៗ ចៀសវាងទុកដីទំនេរចោល ដើម្បីបង្កើនជីវភាពរស់នៅមានលក្ខណៈសមរម្យ
ដើម្បីឱ្យប្រជាកសិករមានគ្រាប់ពូជដំណាំល្អ សម្រាប់ដាំដុះនារដូវវស្សាវនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងអភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានជួបសំណេះសំណាល និងនាំយកគ្រាប់ពូជដំណាំសណ្តែកបាយ រួមទាំងសម្ភារការពារមេរោគកូវីដ១៩ ចែកជូនដល់កសិករចំនួន១០០គ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានលក្ខណៈល្អប្រសើរ។ ដូច្នេះ មន្ទីរកសិកម្មបានរៀបចំចែកគ្រាប់ពូជដំណាំជូនដល់កសិករ ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានគ្រាប់ពូជដំណាំល្អ និងយកទៅដាំដុះតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម ដើម្បីទទួលបានទិន្នផលល្អ។
ឯកឧត្តម បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ ត្រូវយកគ្រាប់ពូជដំណាំទាំងនេះទៅដាំដុះ ឱ្យទាន់ពេលវេលា ព្រោះរដូវនេះជារដូវស្សា ដែលបងប្អូនប្រជាពល រដ្ឋ ត្រូវការដាំដុះនូវដំណាំផ្សេងៗ ចៀសវាងទុកដីទំនេរចោល ជាពិសេស ក៏ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ។ ម្យ៉ាងទៀត ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះ ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវផងដែរ។
ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវស្សា មន្ទីរកសិកម្មខេត្ត តែងតែសហការជាមួយអាជ្ញាធរស្រុក បានធ្វើការចែកគ្រាប់ពូជដំណាំនានា ជូនដល់ប្រជាកសិករនៅទូទាំងខេត្ត ជាក់ស្តែង ដំណាំគ្រាប់ពូជសណ្តែកបាយ ដែលចែកជូនដល់ប្រជាកសិករនៅភូមិចំនួន ០៤ ក្នុងឃុំពូជ្រៃ មានចំនួន ១០០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជសណ្តែកបាយចំនួន៣គីឡូក្រាម រួមទាំង ម៉ាសការពារ សាប៊ូ អាវយឺត និងខិតប័ណ្ណស្តីពីវិធីសាស្រ្ត ដើម្បីការពារខ្លួនអ្នក និងគ្រួសារអ្នកពីវីរុសកូវីដ១៩ផងដែរ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តអូរធែល ដើម្បីចាត់ចែងដោះស្រាយការខ្វះខាតនៅក្នុងវត្តអារាម ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត រួមទាំងក្រុមការងារ បានចុះពិនិត្យមើលការដាំដុះដំណាំនានារបស់កសិករឈ្មោះ មុយ រ៉ាដូ នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា និងពិនិត្យទីតាំងនៅអនុវិទ្យាល័យទួលព្រីង សម្រាប់ត្រៀមទុកដាក់ពលករដែលមកពីក្រៅប្រទេស ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕ ដោយ៖ ពលៈ