ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបញ្ជូនកម្លាំងកងទ័ពចូលរួម បិទខ្ទប់ នៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ
ភ្នំពេញ៖ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានបញ្ចេញកម្លាំងទ័ព ទៅចូលរួមបិទខ្ទប់ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ។
គួរបញ្ជាក់ថាការបញ្ជូនកម្លាំងទ័ព ទៅចូលរួមបិទខ្ទប់ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះឆ្លើយតបទៅនឹងការស្នើសុំរបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ រួចមក។
គួរបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ( Lockdown) ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ យប់ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្របិទខ្ទប់ និងមិនឱ្យរាលដាល ទៅតំបន់ផ្សេងទៀត។
នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្ត ត្រូវបានប្រើប្រាស់កម្លាំង រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក និងកងពលតូថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារប្រចាំការ ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួល លើការងារចាំបាច់ រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទង និងការអនុវត្តវិធានការ សុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវា សុខាភិបាលទូទៅ ក្នុងភូមិសាស្ត្រ ដែលបានបិទខ្ទប់៕