សម្តេចនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលនេះ ក្នុងការត្រៀមចួលរួមកិច្ចប្រជុំ កំពូលអាស៊ានពិសេសមួយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជានារសៀលថ្ងៃទី ២៣មេសា និងបានធ្វើដំណើរដល់ព្រលានយន្តហោះអន្តរជាតិក្នុងក្រុងហ្សាកាតានៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ ពី ការធ្វើដំណើរតាមជើងយន្តហោះមានរយៈពេលជិត៣ម៉ោងនោះមក។ សម្តេចក្នុងសំណេរមួយក្នុងពេលកំពុងចាកចេញ បានថ្លែងថាមេដឹកនាំអាស៊ានភាគច្រើននឹងធ្វើដំណើរដល់ក្រុងហ្សាកាតានៅថ្ងៃនេះផងដែរ។
កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ានទាំង១០ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងរៀបចំធ្វើនៅថ្ងៃទី២៤មេសា ដែលកិច្ចពិភាក្សានោះត្រូវគេរាយការណ៍មុននេះថា នឹងផ្តោតលើសារៈសំខាន់ដ៏ធំមួយ ជុំវិញបញ្ហាសភាពការណ៍ នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា កិច្ចប្រជុំមេដឹកនាំអាស៊ានទាំង១០ នឹងផ្ដោតការយកចិត្តទុក ដាក់ទៅលើប្រធានបទធំៗ ចំនួន៣៖ គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានាដើម្បីឆ្លើយតបជំងឺរាត ត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និង ការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍និងការបារម្ភរួម។
នាយករដ្ឋមន្ត្រីនៃប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃនេះ បានបញ្ជាក់ថា លោកនឹងបញ្ជួនរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដនប្រាមុតវីណៃ ដើម្បីការចូលរួមក្នុងកិច្ច ប្រជុំកំពូលក្នុងក្រុងហ្សាកាតានោះជំនួសវិញ ដោយសារតែលោកត្រូវដោះស្រាយនូវកិច្ចការប្រឈមនៃហេតុការណ៍ផ្ទុះឆ្លងជម្ងឺរាតត្បាតក្នុងសហគមន៍។