បិទផ្សារធំចំនួន២ទៀត នៅរាជធានីភ្នំពេញ (Video Inside)
ផ្សារធំចំនួន២ទៀត ក្នុងរាជធានីភ្នំពេញ គឺផ្សារច្បារអំពៅ និងផ្សារបន្លែ ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ នៃខណ្ឌច្បារអំពៅ ត្រូវបានសម្រេចបិទបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ទន្ទឹមសេចក្តីរាយការណ៍ការឆ្លងកាន់ តែខ្ពស់នៅក្នុងរាជធានី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីថ្ងៃនេះ បានសរសេរថាក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានអាជីវករនិងប្រជាពលរដ្ឋបានឆ្លងនឹងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងរហ័សគួរឲ្យព្រួយបារម្ភដែលចាំបាច់ត្រូវមានវិធានការ ដើម្បីទប់ស្កាត់ជាបន្ទាន់។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់នូវការបិទបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃស្អែកទី២៤មេសា ទៅរហូតដល់ថ្ងៃទី៧ឧសភា។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី បានអំពាវនាវដល់ពលរដ្ឋនិងអាជីវករដែលពាក់ព័ន្ធនឹងផ្សារទាំង២នេះ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ បើសិនជាមានអាការៈសង្ស័យ និងត្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល។
ការបិទផ្សារ២ចុងក្រោយនេះទៀត បាននាំឲ្យចំនួនផ្សារដែលបានបិទបណ្តោះអាសន្នរួចមកនេះ បានកើនដល់១៦ ផ្សារហើយក្នុងរាជធានី។ ផ្សារទាំង១៤ដែលបានបិទមុននេះ គឺផ្សារអូរឫស្សី, ផ្សារដើមគរ, ផ្សារចាស់, ផ្សារធំ ទួលសង្កែ, ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារត្រពាំងថ្លឹង, ផ្សារឯករាជ្យ១, ផ្សារទួលពង្រ, ផ្សារសេនជូរីផ្លាហ្សា, ផ្សារ ពោធិ៍ចិនតុង, ផ្សារកណ្ដាល, ផ្សារដេប៉ូ, ផ្សារពិភពថ្មីឈូកមាស, ផ្សាររីករាយ និងផ្សារអូឡាំពិក។