ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន ៩ពាន់ ៧៨៧ករណី និងការស្លាប់ថ្មីមានចំនួន ៣៤៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុបចំនួន៦៥៥ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន៦៥៤នាក់ និងការឆ្លងលើពលករធ្វើដំណើរមកពីប្រទេសថៃមានចំនួនម្នាក់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៦១នាក់។
កម្ពុជាគិតត្រឹមថ្ងៃ ទី២៣ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសារុបមានចំនួន៨ពាន់៨៤៨ករណី, ចំណែកការព្យាបាលជាសះស្បើយមាន ចំនួនសរុប៣ពាន់១៤៨នាក់ រួមទាំងការព្យាបាលជាសះស្បើយ២២៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន ៧ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេ, មីយ៉ាន់ម៉ា, ឡាវ និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, និងប្រទេសម៉ាឡេស៊ី។