ក្រុងប៉ោយប៉ែត បិទទីតាំង៦ទៀត សង្ស័យការឆ្លងកូវីដ១៩ (Video Inside)
អាជ្ញាធរ សម្រេចបិទកន្លែងចំនួន៦ទីតាំង ក្នុងក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ឆ្លងទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់។ បុរសជាតិឥណ្ឌូណេស៊ី ដែលគេបានបញ្ជាក់ការ ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២២មេសា គឺជាពលរដ្ឋដែលបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
អភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន បានចុះទៅកាន់ទីតាំងបុរីដួងច័ន្ទនាយប់ថ្ងៃទី២២មេសា បានដាក់បញ្ជាការបិទទីតាំងបុរីនោះ និងបិទទីតាំងដទៃទៀតដែលមានការជាប់ពាក់ព័ន្ធ។ នៅព្រឹកថ្ងៃទី២៣ មេសានេះ អាជ្ញាធរបានសម្រេចបន្តបិទ ៣ទីតាំងបន្ថែមទៀតដែលមានការពាក់ព័ទ្ធ ដោយសរុបទាំងអស់មាន៦ទីតាំង ដែលត្រូវបានបិទពាក់ព័ន្ធនឹងការសង្ស័យឆ្លងកូវីដ១៩។
ខេត្តបន្ទាយមានជាខេត្តដែលមានការឆ្លងតិចតួច។ យោងតាមក្រសួងសុខាភិបាលចំនួនមនុស្សដែលកំពុងសម្រាកព្យាបាលកូវីដ១៩ នៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃនេះមានចំនួន ២នាក់។