និស្សិតយោធាខ្មែរ៣នាក់រងការឆ្លងវីរូសកូវីដ១៩នៅរុស្ស៊ី
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យនិស្សិតយោធាកំពុងសិក្សានៅបរទេស ត្រូវប្រុងប្រយត្ន័ចំពោះ ជំងឺ កូវីដ១៩។ ប្រសាសន៍អំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តាមរយៈ Facebook ថ្ងៃទី២០មេសា ឆ្នាំ២០២០ បានធ្វើឡើងក្រោយសេចក្តីរាយការណ៍ថាមាននិស្សិតជាសិក្ខាកាមយោធា ខ្មែរចំនួន៣រូប ដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី បានរងការឆ្លងនឹងមេរោគកូវីដ១៩ និងកំពុងស្ថិតក្នុងការ ព្យា បាលក្នុងប្រទេសរុស្ស៊ី។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំពាវនាវរំលឹកដាស់តឿននិស្សិតយោធាទាំង ឡាយ ដែលកំពុងសិក្សាតាមបណ្តាប្រទេសនានា ត្រូវថែទាំសុខភាពអនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាល នៃ មេរោគ COVID-19គំរាមកំហែងពិភពលោក។ សេចក្តីរាយការណ៍បញ្ជាក់ថា ស្ថានភាពជំងឺរបស់សិក្ខាកាម យោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍អំពីសុខភាព និងស្ថានភាពជំងឺរបស់ពួកគេ ប្រាប់ទៅដល់ពេទ្យដើម្បីពិនិត្យរកមេរោគកូវីដ ១៩ ទាន់ពេលវេលា។


