ទីតាំង ៨៩បន្ទប់ ដែលសម្រាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៅលើកម្មករ កម្មការនី ទើបវិលត្រលប់មកពីស្រុកកំណើត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំង (វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩បន្ទប់) សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការនី ទើបវិលត្រលប់មកស្រុកកំណើត ដើម្បីការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

ក្នុងវិធានការទាំងនោះ រួមមាន ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់។ ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ ទី៣៖ ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។ ទី៤៖ ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។ ទី៥៖ ចំពោះអ្នកទើបត្រឡប់មកពីស្រុក ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីណែនាំឲ្យគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួន ត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕


