អ្នកជំនាញសុខភាពបញ្ជាក់ថា អង់គ្លេសឆ្លើយតបយឺតយ៉ាវពេក ចំពោះការផ្ទុះឡើងនៃជម្ងឺ COVID-19 ហើយព្រមានថា មនុស្ស០៤ម៉ឺនអាចនឹងស្លាប់
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបយឺតយ៉ាវពេកចំពោះ ការផ្ទុះឡើងនៃមេរោគ COVID-19 ដែលប្រកាសនេះ អាចនឺងនាំឱ្យមនុស្សប្រមាណ០៤ម៉ឺនបាត់បង់ជីវិតនៅក្នុងចក្រភពមួយនេះ មុនពេលការរាលដាលនៃជំងឺនេះចប់ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់សម្តីរបស់អ្នកជំនាញសុខាមាលភាពសាធារណៈម្នាក់ ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។

សាស្រ្តាចារ្យសុខភាពសាកលនៃសាកលវិទ្យាល័យ University College ក្នុងទីក្រុងឡុងដ៍ លោក Anthony Costello បានប្រាប់គណៈកម្មាធិការមួយរបស់សភាអង់គ្លេសថា រូបលោករំពឹងថា ការផ្ទុះឡើងនូវមេរោគនេះលើកទី២ នឹងកើតមានឡើងនៅក្នុងអង់គ្លេស ដោយលោកបានជំរុញរដ្ឋាភិបាលឲ្យមានប្រព័ន្ធនៅនឹងកន្លែងមួយ ដើម្បីធ្វើតេស្តឲ្យបានឆាប់រហ័សនៅក្នុងសហគមន៍ ហើយទទួលបានលទ្ធផលមកវិញឲ្យបានរហ័សបំផុតផងដែរ ។ លោក Castello សង្កត់ធ្ងន់ថា អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Oxford ប្រាកដក្នុងចិត្ត៨០ភាគរយថា នឹងអាចមានថ្នាំវ៉ាក់សាំងដើម្បីព្យាបាលជំងឺនោះយ៉ាងរហ័សនៅខែ កញ្ញា ខាងមុខ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១០ម៉ឺន៨ពាន់៦៩២នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់សរុប១ម៉ឺន៤ពាន់៥៧៦នាក់ និងជាសះស្បើយឡើងវិញនៅពុំទាន់មានការបញ្ជាក់នៅឡើយទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ៕


