សភាអាមេរិកអនុម័តច្បាប់ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (មានវីដេអូ)

អាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជូនច្បាប់ ប្រឆាំងនឹងការរើសអើងជាតិសាសន៍អោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចុះហត្ថលេខាដើម្បីអោយវាក្លាយជាច្បាប់ជាផ្លូវការហើយ ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលកំពុងកើនឡើងខ្លាំង អំឡុងពេលការឆ្លងរាតត្បាតនៃវីរុស Covid-19 ។
ជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមធ្វីតធើ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បានបញ្ជាក់ថា លោកប្រធានាធិបតី បៃដិន បានទន្ទឹងរង់ចាំការចុះហត្ថលេខាទៅលើច្បាប់ដ៏មានសារៈសំខាន់នេះអោយចូលជាផ្លូវការនៅឯសេតវិមាននៅចុងសប្តាហ៍នេះ ។ សេចក្ដីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តនាពេលថ្មីៗខាងលើនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ក្នុងសំឡេងគាំទ្រភាគច្រើនលើសលប់ ៣៦៤ ទល់នឹង ៦២សំឡេងជំទាស់ ។
ច្បាប់ថ្មីនេះ នឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិកផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ។ បើតាមអង្គការសង្គមស៊ីវិល Stop AAPI Hate អំពើហិង្សាប្រឆាំងនឹងជនជាតិអាស៊ីនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងចំនួន៣ពាន់៧៩៥ករណី រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner