ភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាឱ្យរុះរើប៉ាណូផ្សព្វផ្សាយ ស្រា បៀរចេញ មិនចង់ឲ្យពលរដ្ឋកំពង់ស្ពឺ ក្លាយខ្លួនជាអ្នកប្រមឹកស្រា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ពន្ធ័ឱ្យផ្តើមរុះរើចេញ ជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើក តាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹង មិនមែនជាអ្នកប្រមឹកខួបនោះទេ ។ ការលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌ ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើន រួមទាំងវចនានុក្រម ខ្មែរសម្រាប់កូន ចៅគ្រប់ជំនាន់ក្រោយៗប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រកូនកសិករជាអ្នកខេត្តកំពង់ស្ពឺ ដូច្នេះមិនមែនជាអ្នកដែលខ្ជិលច្រអូសដូចពាក្យគេថា អ្នកប៊ុងប៊ឺ រលាក់កងជើងនោះទៀតទេ ហើយមួយវិញទៀតក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។
ឯកឧត្តម លើកឡើងដូច្នេះគឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពពលរដ្ឋ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។ ឯកឧត្តម ថាការទទួលទានស្រា ឬគ្រឿងស្រវឹង ឬទឹកប្តូរនិស្ស័យ គឺធ្វើឱ្យមនុស្សប្រែនូវអត្តចារិក ប្រែនិស្ស័យ នាំឱ្យមានហឹង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។
ឯកឧត្តម សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរទាំងអស់ចេញពីក្របខណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណាដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះវាគ្មានចំនេញអីដល់សង្គមជាតិនោះទេ ។
ជុំវិញការដាក់បទបញ្ជាឱ្យធ្វើការរុះរើចេញនេះដែរ អភិបាលខេត្តកំពង់ស្ពឺ បានចាត់អភិបាលរងខេត្តម្នាក់ដើម្បីដឹកនាំចាត់វិធានការលើការងារនេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ហើយមន្ទីរពាក់ពន្ធ័ត្រូវចូលរួមអនុវត្ត ។ មួយវិញទៀតឯកឧត្តមអភិបាល ក៏ជំរុញឱ្យគណៈកម្មការត្រួតពិនិត្យការអនុវត្តពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ឱ្យផ្តើមអនុវត្តការ ផាកពិន័យ ទៅតាមច្បាប់ដែលបានកំណត់ចំពោះបុគ្គលទាំងឡាយណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងទៅទីប្រជុំជនផងដែរ ៕ម៉ុន សំអាត



