រដ្ឋបាលរាជធានីកោះប្រជុំបន្ទាន់ ក្រោយការផ្ទុះឆ្លងច្រើនតាមរោងចក្រ (Video Inside)
ការផ្ទុះឆ្លងជម្ងឺកូវីដ១៩តាមរោងចក្រនិងសហគ្រាសនានា បានប្រញាប់ឲ្យអភិបាលរាជធានីបានស្នើដល់ក្រសួង ជាប់ពាក់ព័ន្ធនានាជួយសហការជាមួយនឹងរដ្ឋបាលក្រុង។ សេចក្តីរាយការណ៍បានឲ្យ ដឹងថា ការផ្ទុះឆ្លងរាលដាល នៅតាមរោងចក្រ, សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង និងការឆ្លងរាតត្បាតនេះមិនមាន លក្ខណៈធូរស្រាលឈប់ឈរសោះ។
អភិបាលរាជធានីភ្នំពេញ ដើម្បីរកកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ជុំវិញការទប់ស្កាត់ការឆ្លងរាតត្បាតគួរឲ្យព្រួយបារម្ភនេះ បានធ្វើកិច្ចប្រជុំបន្ទាន់មួយនាល្ងាចថ្ងៃទី២៦ឧសភានេះ តាមរយៈ Video Conference ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគម រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជម្ងឺកូវីដ-១៩ ។
លោកអភិបាលរាជធានីបានថ្លែងថា កន្លងមក ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់, ទាំងរោងចក្រនិង សហគ្រាសក៏បានបិទទ្វារផងដែរ ។ លោកបានបន្តថាក្រោយមកនៅពេលដែលបើកឱ្យដំណើរការឡើងវិញ រោងចក្រ បានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ដែលខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋ មន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងការងារ។
លោកអភិបាលរាជធានីបន្តថ្លែងថា ក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ ការចូលធ្វើការ គឺអនុញ្ញាឲ្យកម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើ ការវិញបាន តាមរយៈ ការប្តូរវេនគ្នា ។ លោកអភិបាលរាជធានីស្នើរកភាគីដែលជាប់ពាក់ព័ន្ធ ត្រូវពង្រឹងការអនុ វត្តនេះសាឡើងវិញដើម្បីការទប់ស្កាត់ការឆ្លងកូវីដ១៩។