សប្បុរសជនចំនួនពីរ បន្តឧបត្ថម្ភគាំទ្រក្នុងសកម្មភាពសង្គម និងការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរដ្ឋបាលខេត្តកំពត

អត្ថបទដោយ៖
ជា សេឌី

នៅសាលាខេត្ត នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១  ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនចំនួន២ផ្សេងគ្នា  ទី១. អំណោយរបស់ឯកឧត្តម  កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកអគ្គិសនីកម្ពុជា ផ្ដល់តាមរយៈអង្គភាពអគ្គីសនីកំពត មានអំពូលប្រើថាមពលព្រះអាទិត្យ ៤០០គ្រឿង ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ឬ មូលដ្ឋានដែលនៅឆ្ងាយដាច់ស្រយាលគ្មានអគ្គិសនីប្រើប្រាស់។  ទី២ក្រុមហ៊ុនធានារ៉ាប់រង Manulife មានអង្ករចំនួន៥បាវស្មើនឹង២៥០គីឡូក្រាម, មី២០កេះ , ត្រីខ៣កេះ ទឹកសុទ្ធ២៥កេះ ម៉ាស២៥០០ម៉ាស និងទឹកអាកុល៦០លីត្រ ។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា បើទោះជាខេត្តកំពតគ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៏ក៏ពិតមែន  ប៉ុន្តែរដ្ឋបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ តែងយកចិត្តទុកដាក់យ៉ាងខ្លាំង។  ក្រៅពីចុះណែនាំអប់រំដល់ប្រជាពលរដ្ឋ  រដ្ឋបាលខេត្តតែងតែនាំយកអំណោយដូចជា ស្បៀងអាហារ ថវិកា សម្ភារៈប្រើប្រាស់ ផ្សេងៗសម្រាប់បង្ការទប់ស្កាត់កូវីដ១៩ ហើយអំណោយទាំងនោះគឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានា ដែលបានចូលរួមបរិច្ចាគធនធាន ថវិកា និងសម្ភារៈដូចនៅក្នុងពេលនេះជាដើម។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលកន្លងមក និងពេលនេះដែលបាននាំយកអំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្ត និងកាកបាទក្រហមកម្ពុជា ដើម្បីបានជួយដល់ការងារសង្គមនិងបម្រើជួយប្រជាពលរដ្ឋ ពិសេសក្នុងបរិបទដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែនក៏ដូចជាវិធានការរបស់ក្រសួងមហាផ្ទៃនិងក្រសួងសុខាភិបាលផងដែរ។ ហើយអំណោយទាំងនេះ ឯកឧត្តមនឹងយកទៅចែកជូនបន្ត ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយសារកូវីដ១៩ ដល់មូលដ្ឋានភូមិឃុំតែម្តង ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ក្នុងខេត្តកំពតឲ្យបានល្អ។ដោយឡែកអំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ ដែលអគ្គិសនីកម្ពុជា បានផ្ដល់ជូនពេលនេះឯកឧត្តមនឹងបន្តយកទៅ ជូនដល់មូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលខ្វះខាតអគ្គិសនីប្រើប្រាស់នៅឡើយ ។ ឯកឧត្តមអភិបាលខេត្តក៏បាន ជូនពរដល់សប្បុរសជនម្ចាស់អំណោយ ទាំងអស់ សូមជួបតែសេចក្ដីសុខគ្រប់ប្រការ នឹងទទួលបានការគាំទ្រព្រមទាំងសម្រេចភារកិច្ច និងមុខរបរអាជីវកម្មថ្មីៗឲ្យបានកាន់តែជោគជ័យរីកចម្រើនបន្ថែមទៀត។ Sila Sarin

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner