រន្ទះបាញ់សម្លាប់មនុស្ស៣នាក់ និងបង្ករបួស៥នាក់ នៅកំពង់ធំ (Video Inside)
រន្ទះ បានបាញ់សម្លាប់ក្រុមការងារចុះវាស់វែងផ្លូវចំនួន៣នាក់ និងធ្វើឲ្យមនុស្ស៥នាក់ដទៃទៀតបានរងរបួស។ សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍រន្ទះបាញ់នោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះចាំចំការមួយកន្លែង ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រា សាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងពេលដែលអ្នកទាំង៨នាក់ដែលជាក្រុមការងារវាស់វែងផ្លូវ បានសុំផ្ទះអ្នកភូមិជ្រក ភ្លៀង។
ជនរងគ្រោះទាំង៣នាក់ដែលស្លាប់ដោយសាររន្ទះបាញ់នោះ ត្រូវគេបង្ហាញអត្តសញ្ញាណដែលរួមមាន ឈ្មោះ ស៊ុន រ៉ា អាយុ៤២ឆ្នាំ ,ឈ្មោះ ធួក លីម អាយុ ៦២ឆ្នាំ និងឈ្មោះ ឯម ស្រ៊ាន់ អាយុ៤៥ឆ្នាំ។ ចំណែកអ្នករង របួសនោះវិញ រួមមានឈ្មោះ សួស គីម អាយុ៥៨ឆ្នាំ, ឈ្មោះ ព្រុំ លាត អាយុ៦៧ឆ្នាំ, ឈ្មោះ ធួក និល អាយុ ៥៨, ឈ្មោះ សៀន យ៉ុន អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខន ខាន់ ។
សេចក្តីរាយការណ៍រវាង ពីខែមេសា ឈានចូលក្នុងខែឧសភានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បាន សម្លាប់ មនុស្ស១៤នាក់, ធ្វើឲ្យរបួស១០នាក់, ស្លាប់គោក្របី ៩ក្បាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅ ខេត្តចំនួន ៨ គឺ មណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺនិងខេត្តក្រចេះ។
ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុង សប្តាហ៍នេះ។