លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀម និងអនុញ្ញាតអោយរុស្ស៊ីរំលោភបំពានលើសិទ្ធិមនុស្សឡើយ (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញ បានសន្យានឹងប្រាប់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលរបស់ពួកលោក ដែលគ្រោងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតអោយទីក្រុងម៉ូស្គូរំលោភបំពានទៅលើសិទ្ធិមនុស្សឡើយ ។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាមួយថា ខ្ញុំនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត នៅទីក្រុងហ្សឺណែវ ដើម្បីបញ្ជាក់អោយច្បាស់ថា យើងនឹងមិនឈរនៅស្ងៀម និងអនុញ្ញាតអោយមានការរំលោភបំពានទៅលើសិទ្ធិមនុស្សនោះឡើយ ។
សូមជម្រាបថា ជំនួបទល់មុខគ្នាជាមួយមេដឹកនាំវិមានក្រឹមឡាំងនឹងកើតឡើងជាលើកដំបូង ចំពេលដែលទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ីកំពុងមានភាពតានតឹងដែលមិនធ្លាប់បានជួបប្រទះជាយូរឆ្នាំមកហើយ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញមហិច្ឆតារបស់ខ្លួន ចង់គាបសង្កត់ទីក្រុងមូស្គូបន្ថែម ជាជាងការស្តារទំនាក់ទំនងអោយប្រសើរឡើងវិញ ៕ ប្រភព៖ CNA

