ហ្វីលីពីនប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ដល់អត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ (មានវីដេអូ)
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់អត្តពលិក និងបុគ្គលិកដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ។
អត្តពលិក និងមន្រ្តីដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូកំពុងត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងដោយរដ្ឋាភិបាលហ្វីលីពីន ។ ជាក់ស្តែងនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីម៉ានីល មានមនុស្សប្រមាណ៥០០នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេ ដោយប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) ។
ដោយឡែកបញ្ជីឈ្មោះក្រុមអាទិភាពដទៃទៀត ក៏រួមបញ្ចូលទាំងមន្ត្រីសុខាភិបាល និងមន្ត្រីសំខាន់ៗ ក៏ដូចជាអត្តពលិក និងបុគ្គលិក ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិមួយទៀតគឺ ស៊ីហ្គេម នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះផងដែរ ៕ ប្រភព៖ NHK


