មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នំាយកទេយ្យវត្ថុជាគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ
បច្ច័យមួយចំនួន រួមនឹងគ្រឿងឧបភោគ បរិភោគ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមជាមួយកងកម្លាំងក្រោមឱវាទ នាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ លើកំពូលភ្នំដងរែក បណ្តោយព្រំដែនកម្ពុជា.ថៃ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប្រគេននេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ ដែលបានថែរក្សាការពារលើកំពូលភ្នំប្រាសាទព្រះវិហារ សូមប្រោសប្រទានសេចក្តីសុខ សេចក្តីចម្រើនសិរីមង្គលបរវប្រសើរជូនដល់មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរពីជំងឺកាចចង្រៃផ្សេងៗ។ និងមួយផ្នែកទៀត ក៏ដើម្បីជួយទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំនៅក្នុងទីអារាមវត្ត កែវសិក្ខាគិរីស្វារៈ មិនអាចនិមន្តទៅបិណ្ឌបាតនៅទីណាបាន ដោយសារខ្លាចឆ្លងមេរោគជំងឺកូវីត-១៩ ។
អំណោយដែលប្រគេនដល់ព្រះសង្ឃ រួមមាន៖ អង្ករចំនួន១២បេ, មី ចំនួន៤កេះ, ទឹកផ្លែឈើ ចំនួន១កេះ, កាហ្វេ ចំនួន៤ថង់ធំ, តែ ចំនួន១កញ្ចប់ធំ, ទឹកសុទ្ធ ចំនួន២០យួរ និងបច្ច័យ ចំនួន៩០ម៉ឺនរៀល៕សួនលីណា




