អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស និងផ្សេងទៀតដោយអក្សរក្រិក
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុស Covid-19 បំប្លែងខ្លួនថ្មី ដោយចាប់ពីពេលនេះទៅ WHO នឹងប្រើតួអក្សរក្រិកដែលសំដៅលើវីរុសបំប្លែងខ្លួនថ្មីរកឃើញដំបូងនៅក្នុងប្រទេសនានាដូចជា អង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា ។
វីរុសបំប្លែងខ្លួនថ្មីអង់គ្លេសដាក់ឈ្មោះ Alpha វីរុសបំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូងដាក់ឈ្មោះ Beta និងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាដាក់ឈ្មោះ Delta ។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការដាក់ឈ្មោះបែបនេះ គឺដើម្បីអោយមានភាពងាយស្រួលក្នុងការពិភាក្សា ប៉ុន្តែថែមទាំងជួយលុបបំបាត់ទុទិដ្ឋិនិយមដែលអាចកើតចេញពីឈ្មោះទាំងនោះផងដែរ ។
អ្នកដឹកនាំផ្នែកបច្ចេកទេស Covid-19 របស់ WHO លោកស្រី Maria Van Kerkhove បានបង្ហោះសារនៅលើបណ្តាញសង្គមថា គ្មានប្រទេសណាមួយដែលគួរត្រូវបានគេប្រមាថមើលងាយសម្រាប់រកឃើញ និងរាយការណ៍ពីវីរុសបំប្លែងថ្មីឡើយ ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវអោយមានការតាមដានអោយម៉ត់ចត់ នៃវីរុសបំប្លែងខ្លួនថ្មី និងសម្រាប់ការចែករំលែកទិន្នន័យវិទ្យាសាស្ត្រ ដើម្បីជួយបញ្ឈប់ការឆ្លងរាលដាល ៕ ប្រភព៖ BBC

