មេដឹកនាំអាមេរិក និង អឺរ៉ុបជំរុញអោយប្រទេសដទៃទៀតខិតខំប្រឹងប្រែងបន្ថែម នៅក្នុងគំនិតផ្តួចផ្តើមជាសកលឆ្ពោះទៅរកភពផែនដីបៃតង
កូរ៉េខាងត្បូង៖ អ្នកតំណាងកំពូលៗរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះបានអំពាវនាវអោយប្រទេសដទៃទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងគំនិតផ្តួចផ្តើមជាសកលឆ្ពោះទៅរកភពផែនដីបៃតង ដោយសង្កត់ធ្ងន់ថាពិភពលោកមិនអាចរង់ចាំតទៅទៀតបានទេ នៅក្នុងកិច្ចប្រជុំកំពូលតាមអនឡាញដែលរៀបចំឡើងដោយកូរ៉េខាងត្បូង ។
ប្រេសិតពិសេសខាងអាកាសធាតុរបស់សហរដ្ឋអាមេរិកលោក ចន ឃែរី បានប្រាប់សន្និសីទស្តីពីអាកាសធាតុ P4G ដែលរៀបចំឡើងដោយកូរ៉េខាងត្បូងថា យើងកំពុងជំរុញប្រទេសដទៃទៀតអោយបង្កើនមហិច្ឆតារបស់ពួកគេផងដែរ ។លោកសង្កត់ធ្ងន់ថា ក្រោយចប់ជំងឺរាតត្បាតកូវីដ១៩ មនុស្សគ្រប់រូបចង់វិលមករកប្រក្រតីភាពឡើងវិញ ប៉ុន្តែជាអកុសលយើងមិនអាចពេញចិត្តនឹងរឿងនេះបានទេ ពីព្រោះការពិត គឺថាប្រក្រតីភាពគឺជាវិបត្តិមួយដែលកើតមានរួចទៅហើយ ។
ការកត់សម្គាល់របស់ប្រេសិតពិសេសខាងអាកាសធាតុអាមេរិករូបនេះ បានកើតមានឡើងស្របពេលដែលការចរចាតាមអនឡាញបានចាប់ផ្តើមឡើងវិញ នៅមុនសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងក្លាសហ្គោ នាខែវិច្ឆិកាខាងមុខ ដោយក្រុមអ្នកវិទ្យាសាស្ត្របានចេញការព្រមានដ៏គួរអោយព្រួយបារម្ភខ្លាំងឡើងអំពីស្ថានភាពបច្ចុប្បន្ន ៕ ប្រភព៖ CNA
