ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជាៈ ភាគី​ចិន​ជួយ​អភិវឌ្ឍ​កំពង់ផែ​រាម​ដោយ​មិនមាន​ចំណង និងទុក​ឱ្យកម្ពុជា​ជា​អ្នកប្រើប្រាស់​

ភ្នំពេញៈ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​ភាគី​ចិន​ដែលជា​មិត្ត​ដែកថែប បាន​ជួយ​អភិវឌ្ឍ​កំពង់ផែ​រាម​របស់​កម្ពុជា​ឱ្យ​ទំនើប​ជាង​មុន​ដោយ​មិនមាន​ចំណង ហើយ​បន្ទាប់ពី​សង់​រួច​ទុក​ឲ្យ​កម្ពុជា ជា​អ្នកប្រើប្រាស់​ដោយ​អនុវត្ត​ស្របតាម​រដ្ឋធម្មនុញ្ញ​មិនមែន​សម្រាប់​ផ្តាច់មុខ​ឲ្យ​ចិន​នោះទេ​។​

សម្តេចពិជ័យសេនា ទៀ បាញ់ (រូបថតផេកសម្តេចពិជ័យសេនាទៀ​បាញ់)

​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​រាម​នេះ ដើម្បី​លើក​កម្រិត​វិស័យ​ការពារជាតិ​កម្ពុជា ខាង​ផ្នែក​សមុទ្រ​ឬ​ឱ្យ​កម្ពុជា មាន​មូលដ្ឋាន ដើម្បី​មាន​កន្លែង​សមរម្យ មាន​រោង​ជាង​សម្រាប់​ជួសជុល​បណ្តា​នាវា​ខាង​សមុទ្រ​មាន​ផែ​សម្រាប់​ចត នាវា​ឱ្យបាន​សមរម្យ​។ សព្វថ្ងៃនេះ គឺ​ឃើញច្បាស់​ហើយ ទឹក​វា​រ៉ា​ក់​តូច អត់​មាន​រោង​ជាង​ទេ ដូច្នេះ​គេ​មកជួយ​នេះ កម្ពុជា​ដឹងគុណ​ណាស់ អរគុណ​គេ ហើយ​ជំនួយ​នេះ​មាន​ការជជែក​វែកញែក​គ្នា​ច្បាស់លាស់​គេ​ជួយ​ដោយ​អត់​មាន ចំណង​ទេ​។​

​ការបញ្ជាក់​អំពី​ការអភិវឌ្ឍ​កំពង់ផែ​រាម​របស់​កម្ពុជា​បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​មួយចំនួន​របស់​សហ​អាមេរិក នៅតែ​បន្ត​វាយប្រហារ​ជា​បន្តបន្ទាប់​ថា កម្ពុជា​បានអនុញ្ញាត​ឱ្យ​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​នៅ​តំបន់​រាម ខណៈដែល​កម្ពុជា​បាន​បំភ្លឺ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​មិន​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នោះឡើយ​ហើយក៏​មិនមាន​មូលដ្ឋាន ទ័ព​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​នោះដែរ​។​

កំពង់ផែរាម (រូបឯកសារ)

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​០២ ខែមិថុនា នេះ​ថា រាល់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើការ​ងារ​ឲ្យ​កងទ័ពជើងទឹក មាន​តម្រូវ​ការសាងសង់​, ការអភិវឌ្ឍ​តំបន់​រាម​នេះ​មិនមែន ប្រាក់​តិចតួច​អាចធ្វើ​បាន​នោះទេ ហើយ​កម្ពុជា​ក៏​មិនមាន​លទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង​ដែរ​គឺមាន​ចិន​ជា​ដៃគូ​បាន ផ្តល់ជំនួយ ហើយ​ថា កម្ពុជា​បាន​រំលឹក​អំពី​គុណបំណាច់​របស់​ភាគី​ចិន ដែល​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា​បានបញ្ជាក់​យ៉ាង​ដូ​ច្ន​ព​ថា «​ឥឡូវនេះ (​កំពង់ផែ​រាម​) គឺ​ចាប់ផ្តើម​ដំណើរការ (​សាងសង់​) ហើយ ដោយ​បញ្ជូន​(​សម្ភារៈ​) មក​ដើម្បី​កសាង​តាម​តម្រូវការ​កម្ពុជា​ហើយ​កម្ពុជា​ទេ​ជា​អ្នកប្រើប្រាស់​កម្ពុជា​ទេ​អភិវឌ្ឍ​ជាតិ​មាតុភូមិ របស់ខ្លួន​, មិនមែន​សម្រាប់​ផ្តាច់មុខ​ឲ្យ​ចិន​នោះទេ​។ តើ​កម្ពុ​ជាមាន​សិទ្ធិ​ទេ​ក្នុងការ​ស្វះ​ស្វែងរក​ជំនួយ​មក​អភិវឌ្ឍ​ប្រទេស​ខ្លួន​? រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ច្បាស់​ណាស់ ប្រទេស​កម្ពុជា​រក្សា​សិទ្ធិ​ទទួល​ជំនួយ​បរទេស​ជា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និង​បញ្ហា​ផ្សេងៗ​ទៀត​ដើម្បី​ការពារជាតិ មាតុភូមិ​របស់ខ្លួន និង​ការពារ​សណ្តាប់ធ្នាប់​រប​ស់​ប្រទេស​។ ពិត​ហើយ​ថា សមុទ្រ​យើង​តូច​តែ​យើង​ក៏​ត្រូវការ​មាន​ដែរ នូវ​កន្លែង​សំចត​នាវា រោង​ជាង​សម្រាប់​ជួសជុល​យើង​ក៏មានដែរ​នូវ​នាវា​តូចតាច​មួយចំនួន​ហើយ​បើ​យើង​មានលទ្ធភាព​យើង ក៏ត្រូវ​អភិវឌ្ឍ​នាវា​របស់​យើង​ឱ្យមាន​ទំហំ​ធំ​ជាង​មុន​»​។​

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ជឿជាក់ថា ការចោទប្រកាន់​របស់​សារព័ត៌មាន​អាមេរិក​មកលើ​កម្ពុជា​មិនមែន​ដោយសារតែ ការអភិវឌ្ឍ​តំបន់​រាម​នោះទេ ប៉ុន្តែ​អាច​ដោយសារ​កត្តា​ភូមិសាស្ត្រ​នយោបាយ​។​សម្តេច​បាន​ចាត់ទុកថា ការដែល​ផ្សាយ​ថា កម្ពុជា​បានប្រគល់​កំពង់ផែ​រាម​ទៅឱ្យ​ចិន​គ្រប់គ្រង​ផ្តាច់មុខ គឺជា​ការនិយាយ​បែប​ងងើល ដែល​ធ្វើ​ដូចជា​ថា កម្ពុជា​គ្មាន​ច្បាប់ ឬ​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទាំងអស់​។ សម្តេច​បានបញ្ជាក់​ហើយ​ថា រដ្ឋធម្មនុញ្ញ​របស់​យើង​បានចែង​ច្បាស់​ហើយ​ថា​កម្ពុជា​មិន អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅក្នុង​ប្រទេស​របស់ខ្លួន​ទេ​ហើយ​យើង​មិន​ក៏​មិនមាន​មូលដ្ឋានទ័ព​នៅក្រៅ​ប្រទេស ដែរ ដែល​បញ្ហា​នេះ​កម្ពុជា​បានបញ្ជាក់​ច្រើនលើកច្រើនសារ​ហើយ «​ប៉ុន្តែ​គេ​មិន​យក​ត្រចៀក​ស្តាប់​»៕ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner