បើករថយន្តឆ្លងផ្លូវ ទៅបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ភាគីសងខាងជជែកយកត្រូវរៀងខ្លួន
ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តtoyota prius មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពីចំហៀងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្សារក្រមួនតាមបណ្ដោយផ្លូវ ១០០៧ កែងនឹងផ្លូវ ១៩៧៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកtoyota prius ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2AS-1643ធ្វើដំណើរតាមដងផ្លូវ ១៩៧៤ទិសដៅពីកើតទៅលិចដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ពាក់ស្លាកលេខភ្នំពេញ1IR-9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៧ ទិសដៅពីត្បូងទៅជើង ចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសស្រាល។ភ្លាមៗនោះភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត ១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង ខណ:ដែលសមត្ថកិច្ចជំនាញចុះមកដល់រៀបនឹងធ្វើការវាស់វែងស្រាប់តែភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿង ដោយយកទៅជួសជុលរៀងៗខ្លួនតែម្តង៕ដោយ ៖ ជីម ភារ៉ា








