ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាន ទៅពីរាជធានីភ្នំពេញចំនួន៤នាក់, មកពីប្រទេសថៃម្នាក់, កម្មករនៅខេត្តកណ្ដាលចំនួន៩នាក់, នៅស្រុកមេសាងម្នាក់, និង៣០នាក់ទៀតនៅស្រុកព្រះស្ដេច។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២១៥នាក់ មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់៣០០នាក់កំពុងទទួលការព្យាបាល។


