កម្ពុជាអាចនឹងមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ មិថុនា
យោងតាមក្រសួងធនធានទឹកនៅថ្ងៃទី៨មិថុនានេះ បានជូនដំណឹងថា នៅថ្ងៃទៅ៩ដល់ថ្ងៃទី១២មិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រពន្ធ័សម្ពាធទាប។ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥មិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ាលើកទី៤។
ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។ នៅបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។
រីឯនៅតំបន់មាត់សមុទ្រវិញ មានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
