លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត សំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកថវិកា៦៤លានរៀលរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាផ្តល់ជូនគ្រួសារមន្រ្តីនគរបាលមរណៈ១២គ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារ គ្រប់គ្រងធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកថវិកា៦៤លានរៀលរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនគ្រួសារនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១២គ្រួសារដែលទទួលមរណៈដោយរោគាពាធ និងមរណៈនៅពេលបំពេញភារកិច្ច។ ដើម្បីយកថវិកាទាំងនោះទៅចាត់ចែងដោះស្រាយការលំបាកក្នុងជីវភាព។ពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខបានធ្វើឡើងនៅព្រឹក២០ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារ គ្រប់គ្រងធនធានមនុស្ស បានមានប្រសាសន៍នាំយកការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខនិងសោកស្តាយនូវការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃល្អនិងលះបង់សព្វបែបយ៉ាងក្នុងការបំពេញភារកិច្ចការងាររក្សាសន្តិសុខ ធានាបាន ស្ថិរភាព សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានមានប្រសាសន៍ទៅកាន់គ្រួសារនគរបាលនោះទៀតថា សូមបងប្អូនគ្រួសារនគរបាលទាំងអស់កុំអស់សង្ឃឹមនិងបន្តបំពេញភារកិច្ចប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតឱ្យបានរឹងមាំទៅមុខ។តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលការណ៍ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិនិងឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈដល់គ្រួសារនគរបាល ដោយមិនបោះបង់និងបំភ្លេចនូវវីរភាពអង់អាចមុះមុតរបស់ពួកគាត់និងក្រុមគ្រួសារនោះឡើយ។ជាពិសេសបន្តជួយលើកទឹកចិត្តផ្គត់ផ្គង់ទ្រងទ្រង់ជីវភាពគ្រួសារដែលកំពុងរស់នៅធ្វើយ៉ាងណាឱ្យពួកគាត់មានក្តីសង្ឃឹមនិងមានភាពកក់ក្តៅ។ លោកឧត្តមសេនីយ៍ស្នងការរងក៏បានផ្តាំផ្ញើដល់គ្រួសារនគរបាលខាងលើនៅក្នុងកាលៈទេសៈនេះត្រូវការពារទប់ស្កាត់បង្ការជម្ងឺឆ្លងផ្លូវដង្ហើម វីរុសកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនដោយកុំធ្វេសប្រហែសពីព្រោះជម្ងឺនេះបានកំពុងរាតត្បាតជាសកលនិងឆ្លងរាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជានិងត្រូវអនុវត្តវិធានការអនាម័យជាចប្រចាំ។
សូមបញ្ជាក់ថាគ្រួសារនគរបាល១២គ្រួសារដែលមកទទួលថវិកាសមាគមមិត្តនគរបាលជាតិ ក្នុងនោះគ្រួសារមន្រ្តីនគរបាលដែលមរណៈក្នុង១គ្រួសារទទួលបានថវិកា៦លានរៀល ចំណែក២គ្រួសារទៀតទទួលបានមួយគ្រួសារ២លានរៀលគឺជាមន្រ្តីនគរបាលដែលភរិយារឺស្វាមីទទួលមរណៈ៕ សំ វិច្ឆិកា