រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សំដៅដោះស្រាយបញ្ហានានាបង្កឡើងពីវីរុស COVID-19
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែមីនានេះ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់១០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបបញ្ហានានា ដែលបង្កឡើងដោយសារវីរុស COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។

ការសម្រេចចិត្តចុះហត្ថលេខាលើច្បាប់បញ្ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក ដូណាល់ ត្រាំ នាពេលនេះ បានកើតមានឡើងក្រោយព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដែលជាលទ្ធផលនៃការចរចាគ្នាជាច្រើនថ្ងៃរវាងសេតវិមាន និងសភាតំណាងរាស្ត្រ ។

បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកាសង្រ្គោះបន្ទាន់ខាងលើ នឹងផ្តល់ជូនសម្រាប់ការធ្វើតេស្តរកវីរុស COVID-19 ដោយឥតគិតថ្លៃ, ការបង្កើនការធានារ៉ាប់រងភាពអត់ការងារធ្វើ, ជំនួយស្បៀងអាហារ និង ការផ្តល់ប្រាក់ខែសម្រាប់ការឈប់សម្រាកពីការងារជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស COVID-19 ៕

