អាជ្ញាធរខេត្តព្រះវិហារ ជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេស ស្រទាប់យុវជន ត្រូវចូលរួមទទួលខុសត្រូវ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីលើកស្ទួយវប្បធម៌ចម្រុះរបស់កម្ពុជា ឲ្យទទួលបាននូវវឌ្ឍនភាព និងប្រកបដោយនិរន្តរភាព !
ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោកស្រី បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី២២ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ។ ពិធីនេះបានធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តព្រះវិហារ នាថ្ងៃទី១៧មីនាម្សិលមិញ ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងយុវជនយ៉ាងច្រើនកុះករ ផងទៀត។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បញខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានឲ្យដឹងថា ខេត្តព្រះវិហារ មានប្រាសាទបុរាណ ចំនួន ២៨៦កន្លែង, ស្រះបុរាណ ១២៨កន្លែង, ទួលបុរាណ ៨៤កន្លែង, គ្រឹះ ៣១កន្លែង, រហាល ២កន្លែង, បឹងបុរាណ ៦កន្លែង, ស្ពានបុរាណ ១០កន្លែង, ឡស្លដែក ២៤កន្លែង និងរមណីយដ្ឋានធម្មជាតិ ៣កន្លែង ផងដែរ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានធ្វើឲ្យប្រទេសជាតិ ទទួលបាន នូវសុខសន្តិភាព និងការអភិវឌ្ឍមានការរីកចំរើនលើគ្រប់វិស័យ ជាបន្តបន្ទាប់។ លោកស្រីបានបន្តថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការអភិរក្ស ការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ស្របតាម គោលនយោបាយ វប្បធម៌របស់ រាជរដ្ឋាភិបាល។

លោកស្រី អភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏មានសារសម្ខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ។ រីឯ ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺធ្វើឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណង ដើម្បីរំលឹកគុណូបការៈ និងស្នាដៃ ដ៏វិសេសវិសាល របស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យើងទាំងអស់គ្នា ជាកូនចៅជំនាន់ក្រោយ»។

លោកស្រីបានចាត់ទុក ការប្រារព្ធទិវានេះឡើង ក៏ដើម្បីជាការបំផុសស្មារតី ស្រលាញ់វប្បធម៌ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ដែលជាទំពាំងស្នងឬស្សី បានស្គាល់ និងយល់កាន់តែច្បាស់ ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូល ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងចេះប្រើប្រាស់សក្ដានុពលវប្បធម៌ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

លោកស្រី ចឹក ហេង បានជំរុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធទាំងអស់ ពិសេស យុវជនដែលជាទំពាំងស្នងឬស្សី ត្រូវរួមគ្នាទទួលខុសត្រូវ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីលើកស្ទួយវប្បធម៌ចម្រុះ របស់កម្ពុជាយើង ឲ្យទទួលបាននូវវឌ្ឍនភាព និងប្រកបដោយនិរន្តរភាព ជានិរន្តន៍៕ ដោយ៖ ឡុង សំបូរ












