មនុស្ស៧នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធករណីលេងល្បែងជល់មាន់ និងអាប៉ោង រួមទាំងដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណ:បញ្ជារឯកភាពខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានធ្វេីការឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងត្រង់ចំណុចខាងក្រោយ ឡឥដ្ឋ ក្នុងភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់ ព្រមទាំងចាប់យកសម្ភារនៃវត្ថុតាងមួយចំនួន។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងខាងលេីកំពុងតែបេីកសង្វៀនប្រជល់មាន់ និងអាប៉ោង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ភ្លាមៗអាជ្ញាធរមូលដ្ឋាន ដោយការចូលរួមពីកម្លាំងនគបាល ខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ ដឹកនាំកម្លាំងចម្រុះ ឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់ខាងលេី រហូតឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់ ម៉ូតូជាច្រេីនគ្រឿង មាន់អាគក សម្ភារនៃវត្ថុតាងមួយចំនួនទៀត។

ក្រោយពីបញ្ចប់ក្នុងប្រតិបត្តិការរួចរាល់ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានធ្វេីការរុះរេីទីតាំងខាងលេី ចោលតែម្ដង។ រីឯមនុស្សចំនួន៧នាក់ និងវត្ថុតាងខាងលេី ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដេីម្បីអនុវត្តន៍តាមច្បាប់ ៕ដោយ៖ ជីម ភារ៉ា






