អគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ក្នុងការប្រើប្រាស់អាល់កុល និងទឹកលាងសម្អាតដៃបង្ការការចម្លងវីរ៉ុសកូរ៉ូណាថ្មី (COVID-19) ខណៈដែលមានឈ្នួញមួយចំនួនលក់ផលិតផលក្លែងក្លាយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មនៅថ្ងៃ១៨មីនានេះ បានឲ្យដឹងថា ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋទាំងអស់កំពុងតែត្រូវការចាំបាច់នូវផលិតផលអាល់កុលប្រើប្រាស់សម្រាប់លាងសម្អាតដៃ ដើម្បីសម្លាប់មេរោគ ពិសេសវីរុសកូរ៉ូណាថ្មី COVID-19 គេសង្កេតឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយនូវផលិតផលអាល់កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់។

តាមរយៈការធ្វើអង្កេតរបស់មន្ត្រីកាំកុងត្រូល និងយោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញថា អាល់កុលដែលបាន និងកំពុងចរាចរណ៍នៅលើទីផ្សារទាំងនោះ ភាគច្រើនគឺមិនមែនជាប្រភេទអាល់កុលធម្មតា (អេទីលអាល់កុល) ដែលមានមុខងារប្រើសម្រាប់គោលបំណងលាងសម្អាតដៃ បង្ការការចម្លងមេរោគទេ ប៉ុន្តែគឺជាសារធាតុមេតាណុលដែលមានបរិមាណខ្ពស់រហូតដល់៨០%។

អគ្គនាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់ថា ការលាងសម្អាតដៃដោយប្រើអាល់កុលដែលមាន កម្រិតមេតាណុលខ្ពស់អាចជ្រាបចូលទៅក្នុងស្បែក និងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពមើលឃើញរបស់ភ្នែក។ បន្ថែមពីនោះទៀត សារធាតុមេតាណុលនោះ អាចបង្ករគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការយកទៅប្រើប្រាស់លាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សសេងៗ។ អគ្គនាយកដ្ឋានកាំកុងត្រូល បានណែនាំដល់អាជីវករអ្នកលក់ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ នូវវិធានការមួយចំនួនដូចជា រាល់ការនាំចូល និងចែកចាយផលិតផលអាល់កុលសម្រាប់ប្រើប្រាស់ត្រូវដាក់ស្លាកសញ្ញាមានបញ្ជាក់ពីប្រភព អាសយដ្ឋានអ្នកចែកចាយ ឬដាក់លក់ និងមានឈ្មោះផលិតផល ព្រមទាំងកម្រិតអាល់កុលគិតជាភាគរយនៃសអេទីលអាល់កុលឲ្យបានត្រឹមត្រូវ។

អគ្គនាយកដ្ឋានកាំកុងត្រូវ អំពាវនាវឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ កុំទិញផលិតផលអាល់កុលដែលគ្មានស្លាកសញ្ញា និងមិនមានប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការការចម្លងវីរុសកូវីដ១៩។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានកាំកុងត្រូល ព្រមានចាត់វិធានការផ្លូវច្បាប់ជាធរមានចំពោះអាជីវករណាដែលសមត្ថកិច្ចរកឃើញថា បានចរាចរ ឬដាក់លក់ផលិតផលអាល់កុលក្លែងក្លាយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner