អាជ្ញាធរថៃធ្វើតេស្តរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៣៥នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់២១២ករណី

ថៃ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៥នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលប្រការនេះ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសថៃ កើនឡើងដល់២១២ករណី នេះបើតាមសារព័ត៌មាន CNA ផ្អែកលើប្រភពពីមន្រ្តីគ្រប់គ្រងជម្ងឺម្នាក់របស់ថៃ ។

រហូតមកទល់នឹងពេលនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាពីករណីស្លាប់លើកដំបូង ចាប់តាំងពីមេរោគ COVID-19 ចាប់ផ្តើមឆ្លងរាតត្បាត ខណៈអ្នកជម្ងឺ៤២នាក់ហើយបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ រីឯអ្នកជម្ងឺ១៦៩នាក់ទៀតបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។

ជាវិធានការទប់ស្កាត់បន្ទាន់នោះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា រាល់គ្រឹះស្ថានអប់រំគ្រប់ប្រភេទ នឹងត្រូវចាប់ផ្តើមបិទទ្វារចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ ដែលនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 នៅទូទាំងប្រទេស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner