រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញ ពីការបំផ្លិចបំផ្លាញ និងទន្ទ្រាមដីព្រៃលិចទឹកជាង១.០០០ហិកតា នៅចំណុចក្រពើស្គម ក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ រងដោយការកាប់ដុតទន្ទ្រានយកដីព្រៃទាំងនោះ

អត្ថបទដោយ៖
Kien Sereyvuth

    យ៉ាងហោចណាស់ដីព្រៃលិចទឹកនៅក្នុងតំបន់៣ ជាតំបន់ហាមឃាត់សម្រាប់ជីវៈចម្រុះត្រីពងកូនប្រមាណជាង១.០០០ហិកតា នៅចំណុចក្រពើស្គម ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការអះអាងថា៖ មាន បក្ខពួកជនខិលខូចបានឃុបឃិតលបលួចក្នុងការកាប់បំផ្លាញព្រៃលិចទឹក ដើម្បីទន្ទ្រានដីនិងឈូសឆាយយកដីព្រៃទាំងនោះ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ជាបន្តបន្ទាប់កន្លងមក។

         ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះធ្វើការផ្សព្វផ្សាយ និងប្រកាសអំពីការបិទរដូវនេសាទ នៅក្នុងតំបន់ដែននេសាទទឹកសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះ។

       ឯកឧត្តមអភិបាលរង ខេត្តបាត់ដំបង ក៏បានថ្លែងឲ្យដឹងទៀតថា៖ការកាប់ដុតបំផ្លាញព្រៃលិចទឹកដើម្បីទន្ទ្រានយកដីព្រៃលិចទឹកទាំងនេះគឺនៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ និងធ្វើឲ្យតំបន់ទាំងនោះទទួលរងនូវការកាប់បំផ្លាញជាបន្តបន្ទាប់ ហើយទីតាំងដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ គឺ៖ នៅចំណុចក្រពើស្គម ក្នុងឃុំព្រែកចាស់ ស្រុកឯកភ្នំ។ … ហើយរហូតដល់មានគណៈប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងអាជ្ញាធរខេត្ត ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យមើលផ្ទាល់ដល់ទីកន្លែងទាំងនោះទៀតផង។

       ឯកឧត្តម សឿម ប៊ុនរិទ្ធ បានបន្តថា៖ ចំពោះព្រៃលិចទឹកនៅចំណុចខាងលើនេះ គឺត្រូវបានកាប់បំផ្លាញអស់ជាង១ពាន់ហិកតា រួចមកហើយ។ ហើយក្នុងនោះដីព្រៃលិចទឹកចំនួនជាង៣០០ហិកតា ត្រូវបានជនល្មើសធ្វើការកាប់ទន្ទ្រានព្រៃនិងដុតបំផ្លាញកាលពីឆ្នាំ២០១៨។ និងដីព្រៃលិចទឹកប្រមាណជាង ៧០០ហិកតា ក៏ត្រូវបានជនល្មើសឈូសឆាយនិងទន្ទ្រានយកនៅក្រោយឆ្នាំ២០១៨ផងដែរ។ហើយបើពិនិត្យទិដ្ឋភាពនាពេលបច្ចុប្បន្ននេះ គឺ៖មានដីខ្លះត្រូវបានធ្វើស្រែ ខ្លះទៀតនៅទុកទំនេរចោល?។ ហើយទីតាំងទាំងនោះត្រូវបានអាធ្ញាធររុករកឃើញ ជាមួយនិងករណីមួយចំនួនបន្ថែមទៀតដូចជា៖ការជីកប្រឡាយស្រោចស្រព និងធ្វើផ្លូវអាចបើករថយន្ត ទៅ-មកបាន រួមទាំងមានការសាងសង់ជាខ្ទម ឬ រោងស្នាក់នៅ ជាដើមទៀតផង ។

      ឯកឧត្តមអភិបាលរង ខេត្តបាត់ដំបង  សឿម ប៊ុនរិទ្ធិ បានថ្លែងឲ្យដឹងថាការចូលលួចកាប់ទន្ទ្រានដីព្រៃលិចទឹកជាតំបន់ហាមឃាត់ នៅក្នុងតំបន់៣បែបនេះ គឺវាបានរាលដាលដល់ចំណុចគោកខ្ពស់ ស្ថិតក្នុងភូមិព្រែកចាស់ផងដែរ។ដែលអាជ្ញារកឃើញនូវផ្ទៃដីព្រៃជាង ១៥០ហិកតា ត្រូវបានជនល្មើសធ្វើការកាប់ទន្ទ្រាន ហើយជនដែលមកទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខាងលើនេះគឺ៖មកពីខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប ។

        ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានធ្វើការព្រមានដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចខិលខូច ដែលបានឃុបឃិតក្នុងការលួចកាប់ទន្ទ្រានដីព្រៃលិចទឹកនេះគឺត្រូវតែដកខ្លួនចេញឲ្យបានឆាប់។ឯកឧត្តមបានក្រើនរំលឹកទៀតថា៖ក្រសួងកសិកម្មនឹងអាជ្ញាធរនិងចាត់វិធានការច្បាប់ម៉ឺងម៉ាត់នៅពេលឆាប់ៗខាងមុខនេះ។ហើយនៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ក្រសួងនិងបើកកិច្ចប្រជុំពិភាក្សានិងដាក់ចេញ នូវវិធានការទប់ស្កាត់ ពីការលួចកាប់ទន្ទ្រានយកដគព្រៃលិចទឹកទាំងនេះ។ ជាមួយគ្នាដែរ អាជ្ញាធរខេត្ត ក៏បានស្នើឲ្យក្រសួងជួយដាក់បង្គោលដៅនូវចំណុចតំបន់ព្រៃលិចទឹកបន្ថែមទៀតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានបញ្ជាក់ទៀតថា៖ ដីព្រៃលិចទឹកដែលកំពុងតែរងនូវការកាប់ទន្ទ្រានគឺ៖កំពុងកើតមានក្នុងស្រុកចំនួន៤ ដែលជាប់ភូមិសាស្រ្តបឹងទន្លេសាប ដូចជា៖ ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដោយព្រៃលិចទឹកទាំងនោះ ក្រៅពីត្រូវរងដោយការកាប់ទន្ទ្រានបំផ្លាញយកដីព្រៃ ក៏ត្រូវភ្លើងឆេះអស់ជាច្រើនហិកតាផងដែរ។ នៅក្នុងអនុក្រិត្យ របស់រាជរដ្ឋាភិបាល ឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានចំនួន ៦៤៧.៤០៦ហិកតា។ ដោយឡែកខេត្តបាត់ដំបង មានព្រៃលិចទឹក ចំនួន ២០៦ពាន់៩៥៣ហិកតា ខណៈព្រៃលិចទឹកប្រមាណ០២ម៉ឺនហិកតាត្រូវបានរងនូវកាប់បំផ្លាញ និងត្រូវភ្លើងព្រៃឆេះកន្លងមក៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner