លោក ចូ បៃដិន បង្ហាញការសាទរដល់លោក Naftali Bennett ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មី
អ៊ីស្រាអែល៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅយប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បានហៅទូរស័ព្ទដោយផ្ទាល់មកកាន់លោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) ដើម្បីសម្តែងការអបអរសាទរ បន្ទាប់បុរសវ័យ៤៩ឆ្នាំរូបនេះបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល ។
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងនោះ លោក ចូ បៃដិន បាននិយាយថា ជំនួសមុខអោយប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រី Naftali Bennett និងលោក យែរ ឡាពីដ ផងដែរ ដែលត្រូវបានតែងតែនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងអបអរចំពោះសមាជិកទាំងអស់ នៃគណៈរដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល ។ ជាមួយគ្នានេះ លោក បៃដិន ក៏បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលគ្មានមិត្តណា ដែលប្រសើរជាងអាមេរិកទៀតឡើយ ។
គួរកត់សម្គាល់ លោក ណាហ្វថាលី ប៊ែនណេត ជាមេដឹកនាំក្រុមចម្រុះស្តាំនិយម យ៉ាមីណា (Yamina United Right) បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល ដែលនេះជាការបិទបញ្ចប់សម័យកាលដឹកនាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមានរយៈពេល១២ឆ្នាំមកហើយ ៕ ប្រភព៖ CNA


