ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅ ស្រុកស្វាយអន្ទរ ចំនួន១០នាក់, ស្រុកស៊ីធរកណ្ដាលចំនួន៦នាក់, ស្រុកមេសាងចំនួន ៥នាក់, ស្រុកពារាំង ចំនួន ៥នាក់, ស្រុកបាភ្នំ ចំនួន ៣នាក់, ស្រុកព្រះសេ្តច ចំនួន ៣នាក់ និងស្រុកកញ្ជ្រៀច ម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ មានអ្នកស្លាប់ចំនួន១១នាក់ និងនៅសល់៥០១នាក់កំពុងទទួលការព្យាបាល។

