បារាំងប្រកាសបិទប្រទេស និងអំពាវនាវឱ្យប្រជាជនសង្ងំក្នុងផ្ទះ ដើម្បីទប់ទល់ការរាតត្បាតនៃមេរោគ COVID-19
បារាំង៖ រដ្ឋាភិបាលបារាំងបានសម្រេចបិទប្រទេសទាំងស្រុង ឈប់ឱ្យប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដែលវិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាតត្បាតនៃមេរោគ COVID-19 នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែមីនានេះ បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសារជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ។

ទន្ទឹមគ្នា លោក ម៉ាក្រុង បានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេស ស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត ។ លោក ម៉ាក្រុង ក៏បានថ្លែងអំពាវនាវម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម គឺសង្រ្គាមទល់នឹងវីរុស COVID-19 ។

សូមបញ្ជាក់ថា ប្រទេសបារាំងកំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ហើយបើតាមរបាយការណ៍នោះ បារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ៥ពាន់៤៣៧នាក់ ដោយក្នុងនោះមានអ្នកជម្ងឺ១២៧នាក់ហើយបានបាត់បង់ជីវិត ៕

