មនុស្ស៤៥នាក់ស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស COVID-19 លើកដំបូងនៅសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ សារព័ត៌មាន AP បានចុះផ្សាយថា ការធ្វើតេស្ដផ្នែកសិក្សាស្រាវជ្រាវមួយលើវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៦ ខែមីនានេះ ដោយក្រុមអ្នកចូលរួមការពិសោធន៍ម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំងផ្សេងៗពីគ្នា ។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ការធ្វើតេស្ដពិសោធន៍លើវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាលរដ្ឋវ៉ាស៊ីនតោន ខាយសឺ (Kaiser Permanente Washington Health Research Institute) ក្នុងទីក្រុងសៀតថល (Seattle) ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ជាយុវជនមានសុខភាពល្អចំនួន៤៥នាក់ ។ ការធ្វើតេស្ដនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបើកផ្លូវឆ្ពោះទៅការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បើការធ្វើពិសោធន៍ខាងលើទទួលបានលទ្ធផលល្អ ។

សូមជម្រាបផងដែរថា មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និង គ្រប់គ្រងជំងឺឆ្លង CDC បានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់៣.៤៨២ករណី ដោយក្នុងនោះអ្នកជំងឺ៦៥នាក់បានស្លាប់ ខណៈទីក្រុងញូយ៉កបានសម្រេចបិទសាលារៀន ភោជនីយដ្ឋាន ក្លឹបរាត្រី និងពិធីជួបជុំទាំងអស់ ក្នុងនោះរួមមានរោងភាពយន្ដ ជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលបានលុកលុយរដ្ឋចំនួន៤៩ហើយរបស់សហរដ្ឋអាមេរិក ៕



