អ្នកដឹកនាំរឿង “ព្រលឹងល្បុកក្កតោ” សង្ឃឹមថា ខ្សែភាពយន្តនេះ នឹងក្លាយជាស្នាដៃមួយដែលកាន់តែធ្វើឱ្យមានការទទួលស្គាល់ចំពោះក្បាច់គុននេះជារបស់ខ្មែរ
ភ្នំពេញ៖ តាមគម្រោងភាពយន្តរឿង”វិញ្ញាណល្បុក្កតោ” ដែលជាស្នាដៃលើកកម្ពស់ក្បាច់គុនល្បុក្កតោដ៏ល្បីរបស់ដូនតាខ្មែរ គ្រោងដាក់បញ្ចាំងលក់សំបុត្រនៅចុងខែមេសា ប៉ុន្តែគម្រោងអាចនឹងមានការប្រែប្រួល ប្រសិនបើបញ្ហាផលប៉ះពាល់នៃជំងឺ កូវីដ-១៩ បង្កការភ័យខ្លាច ។ នេះបើតាមការលើកឡើងរបស់លោកគ្រូតាក្រមាមាស ដែលជាអ្នកដំឡើងសាច់រឿង និងឈុតឆាកវាយតប់ ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ភាពយន្តនៅដំណើរការធ្វើសន្និសីទបង្ហាញតួអង្គ និង ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានបានទស្សនាមុនផងដែរ ។

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានមានប្រសាសន៍ថា ភាពយន្តនេះ មានកូនសិស្ស និងអ្នកជំនាញផ្នែកក្បាច់គុនល្បុក្កតោរហូតដល់រាប់រយនាក់ចូលសម្ដែង ដោយប្លង់ភាគច្រើនក៏ស្ដែងបង្ហាញពីក្បាច់គុនដ៏រស់រវើក ។ លោកគ្រូចាត់ទុកថា ភាពយន្តនេះនឹងក្លាយជាកម្រងឯកសារមួយសម្រាប់ចែកចាយដល់ក្មេងជំនាន់ក្រោយ ហើយក៏ជាស្នាដៃដែលកាន់តែធ្វើអោយមានការទទួលស្គាល់ចំពោះក្បាច់គុននេះរបស់ខ្មែរផងដែរ ។ លោកគ្រូបន្ថែមថា ភាពយន្តនេះ នឹងអាចលើកពេលបញ្ចាំងនៅចុងខែមេសាខាងមុខ ប្រសិនបើផលប៉ះពាល់របស់ជំងឺ កូវីដ-១៩ នៅតែបង្កការភ័យខ្លាច តែបើគ្មានការប្រែប្រួលទេ គឺការដាក់បញ្ចាំងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ក្រោយចូលឆ្នាំ ។

លោក តឹក ង៉ុយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិតបានអះអាងថា លោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំងទើបលោករៀបចំឱ្យមានការចាក់បញ្ចាំងជាលក្ខណៈឥតគិតថ្លៃ បង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មុននឹងការចាក់បញ្ចាំងលក់សំបុត្រនឹងមកដល់នៅជាងមួយខែទៀត ។ លោកគម្រោងយកភាពយន្តនេះ ទៅបង្អួតនៅលើឆាកអន្តរជាតិ តែក៏ទាមទារឱ្យមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ ។ នៅក្នុងពិធីនោះដែរ ក៏មានបទសម្ភាសន៍ពីចំណាប់អារម្មណ៍លើតួអង្គសំខាន់ៗមួយចំនួនផងដែរ ជាពិសេសតារាសម្ដែងដែលភាគច្រើនគឺជកូនសិស្សផ្នែកល្បុក្កតោតែម្ដង ៕






