សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូសរុបប្រមាណ២៥០នាក់ ទទួលបានប៉មទឹកចម្រោះទឹកស្អាតសម្រាប់បរិភោគពីក្រុមហ៊ុនភេសជ្ជ:កម្ពុជាកូកា-កូឡា
ខេត្តព្រះសីហនុ៖ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យក្រុងព្រះសីហនុ សរុបប្រមាណ២៥០នាក់ទទួលបានប៉មទឹកចម្រោះទឹកស្អាតសម្រាប់បរិភោគ ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជ: កម្ពុជាកូកា-កូឡា តាមរយ:អង្គការ Planet Water នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ លោកស្រី ស៊ុន ចិន្តា នាយិកាវិទ្យាល័យក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ដោយមើលឃើញថា ការដាក់ប៉ម និង ធុងចម្រោះទឹកស្អាតនៅក្នុងសាលានាពេលនេះ មានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស ។ ២. កាត់បន្ថយការចំណាយថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និង ៣. កាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការជួយដល់បរិស្ថានតាមរយ:ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលា ។

ជាមួយគ្នានេះ លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា បានបញ្ជាក់ថា ក្រុមហ៊ុន តាមរយ:អង្គការមូលនិធិ Planet Water បាននិងកំពុងអនុវត្តន៍គម្រោង «ប្រើប្រាស់ទឹកស្អាត បន្ទប់ទឹកស្អាត សាលារៀនគំរូ ដែលហៅជាភាសាបរទេសថា AuquaTower-AquaSan &Clean School’s Toilet មានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាសហគមកម្ពុជា ដោយយើងគួរតែចាប់ផ្តើមពីការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងបន្ទប់ទឹកស្អាតក្នុងសាលារៀន ។

លោក រស់ សោភា បន្ថែមថា គម្រោងនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកលរបស់កូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship» ដែលមានឆន្ទៈព្រមជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅចម្បង ៣ គឺ សន្សំសំចៃទឹកក្នុងផលិតកម្ម ធ្វើប្រព្រឹត្តកម្មចម្រោះទឹកសំណល់មុននឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញ នូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ ដែលស្មើនឹងចំនួនតំណក់ទឹកដែលយើងបានប្រើប្រាស់ ក្នុងការផលិតផលិតផលភេសជ្ជៈរបស់យើង។

នាឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជ:កម្ពុជាកូកា-កូឡា ដែលតែងតែសហការឧបត្តម្ភ និងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកបានកោតសរសើរទៅដល់លោកស្រីនាយិកា និងគណ:គ្រប់គ្រងវិទ្យាល័យ ដែលមានគំនិតគិតគូដល់សុខុមាលភាពសិស្ស និងបរិស្ថានតាមការជ្រើសរើសយកប៉ម និងធុងចម្រោះទឹកដាក់នៅក្នុងបរិវេណសាលារៀន។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំប្រឹងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាពសម្រាប់ចូលរួមក្នុងកិច្ចការអភិឌ្ឍប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត និង ពិសេសសូមឱ្យប្អូនៗចូលរួមថែរក្សាអនាម័យបរិស្ថាន តាមរយ:ការប្រើប្រាស់ដបទឹកប្រើប្រាស់ឡើងវិញ ទុក ដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ ៕





