ស៊ីម៉ាក់CMAC.បញ្ចប់ការរុករកកាកសំណល់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទានផ្ទុះនៅតាមមាត់ច្រាំងស្ទឹងសង្កែមុនថ្ងៃបុណ្យទន្លេ និងក្រោយពីរាវរុករកឃើញគ្រាប់ ចំនួន៣៩គ្រាប់ (មានវីដេអូ)
លោក ព្រីង បញ្ញាឫទ្ធិ ប្រធានអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ប្រចាំភូមិភាគទី២ បានថ្លែងឲ្យដឹងនៅ ក្នុងថ្ងៃបញ្ចប់ការរុករកគ្រាប់យុទ្អភ័ណ្ឌមិនទាន់ផ្ទុះដើម្បីប្រមែប្រមូលរក្សាទុក និងធ្វើការបំផ្ទុះកម្ទេចចោលគ្រាប់ដែលរកឃើញនៅហ្នឹងកន្លែងតែម្តង។
ការលើកឡើងបែបនេះខណៈដែលក្រុមប្រតិបត្តិករធ្វើការរាវរុករកដោះមីនស៊ីម៉ាក់ CMAC.បានបញ្ចប់នូវបេសកកម្មការងាររបស់ខ្គួននៅមុនថ្ងៃប្រារព្វពិធីបុណ្យទន្លេ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ។

គូររំលឹកឲ្យដឹងផងដែរថា៖ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងតាមសំណើររបស់រដ្ឋបាលខេត្តបាត់ដំបងគឺក្នុងខណៈពេលដែលរដ្ឋបាលខេត្តបានស្នើសុំ ឲ្យកងកម្ចាត់មីនស៊ីម៉ាក់ធ្វើការរុករកនិងរាវរកគ្រាប់យុទ្ធភ័ណ្ឌនិងកាកសំណល់សង្គ្រាម នៅតាមមាត់ច្រាំងស្ទឹងសង្កែ ទាំងត្រើយខាងលិចនិងខាងកើតក្នុងពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើការកែលម្អនៅតាមមាត់ច្រាំង នៃដងស្ទឹងសង្កែទាំងសងខាង ចាប់តាំងពីអំឡុងចុងខែមករា រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រុមប្រតិបត្តិកររាវមីនរុករកកាកសំណល់ពីសង្គ្រាមនៅតាមដងស្ទឺងសង្កែ បានបញ្ចប់ទាំងស្រុង ។

តាមការគូសបញ្ជាក់របស់លោក ព្រីង បញ្ញាឫទ្ធិ ប្រធានស៊ីម៉ាក់ប្រចាំភូមិភាគទី២(បាត់ដំបង-ប៉ៃលិន និងពោធិសាត់) បានឲ្យដឹងថា៖ក្នុងការរុករក និងធ្វើការរាវរកមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមដងស្ទឹងសង្កែ ចាប់ពីគល់ស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានសម្តេចតេជោ ហ៊ុនសែន ក្នុងនោះប្រតិបត្តិករយើងរកឃើញគ្រាប់យុទ្ធភ័ណ្ឌច្រើនប្រភេទចំនួន៣៩គ្រាប់ ក្នុងចំណោមគ្រាប់ទាំងនោះ ១៥គ្រាប់ ត្រូវបានជន្លៀសយកចេញពីកន្លែងរកឃើញទៅរក្សាទុកកន្លែងសុវត្ថិភាព និង២៤គ្រាប់ ត្រូវបានធ្វើការបំផ្ទុះកម្ទេចចោលនៅហ្នឹងកន្លែងរាវរកឃើញតែម្តង ។

លោកប្រធាន អង្គភាពកម្ចាត់មីនកម្ពុជាទី២ បានធ្វើការសន្និដ្ឋានថា៖ គ្រាប់យុទ្ធភ័ណ្ឌដែលរកឃើញទាំងនោះ ភាគច្រើនក្បាលគ្រាប់បំផ្ទុះ ដែល ខ្ទាតចេញពីឃ្លាំងគ្រាប់(អតិតក្នុងវត្តសង្កែ) ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិក នៅក្នុងសម័យសង្រ្គាមស៊ីវិល ។
លោកប្រធានកងឯកភាពកម្ចាត់មីនកម្ពុជាភូមិភាគទី២ បានឲ្យដឹងបន្ថែមថា៖ គ្រាប់យុទ្ធភ័ណ្ឌ ដែលស៊ីម៉ាក់រាវរុករកឃើញគឺជាគ្រាប់ស្ថិតនៅតាម មាត់ច្រាំងស្ទឹង(លើគោក)។ តែនៅក្នុងស្ទឹង ស៊ីម៉ាក់សន្និដ្ឋានថាអាចនឹងមាន ។ ដោយសារតែនៅទីនេះ ស្ថិតនៅជិតអតីតឃ្លាំងគ្រាប់វត្តសង្កែ ក្នុងសម័យសង្គ្រាមស៊ីវិល ហើយឃ្លាំងគ្រាប់នេះត្រូវបំផ្លាញដោយការទម្លាក់គ្រាប់ពីយន្តហោះ។ ដូចនេះក្នុងស្ទឹងអាចនឹងមាន តែយើងមិនមានផែនការរាវរុករកនៅឡើយទេ ។

លោក ព្រីង បញ្ញាឫទ្ធិ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ជាពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ ប្រសិនប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវរាយការណ៍ឲ្យអាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពស៊ីម៉ាក់ ដើម្បីមានវិធានការបន្ទាន់។
លោកប្រធានកងឯកភាពCMAC D2. បានឲ្យដឹងផងដែរថា៖ មកទល់ពេលនេះ ពុំមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌទាំងនេះនៅឡើយនោះទេ។ ហើយស៊ីម៉ាក់ក៏ត្រៀមខ្លួនក្នុងការបំពេញបេសកកម្មការងារ របស់ខ្លួន នៅពេលដែលរដ្ឋបាលខេត្តបាត់ដំបង មានតំរូវការចាំបាច់ ស្នើដល់ស៊ីម៉ាក់ឲ្យអនុវត្តជំហានបន្តទៅថ្ងៃមុខ ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប









