ទូហ្គេមជាច្រើនគ្រឿងដែលរឹបអូសកន្លងមក ត្រូវបានអាជ្ញាធរខណ្ឌចំការមន កម្ទេចចោលនាព្រឹកថ្ងៃទី១៤នេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថល អភិបាលខណ្ឌ និងមានការចូលរួមជាមួយពីសំណាក់ អភិបាលរងខណ្ឌ និងមន្ដ្រីសាលាខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត នៅបានរៀបចំពិធីបំផ្លាញទូហ្គេមចោលចំនួន ១៥គ្រឿង ដែលអាជ្ញាធររឹប អូសបាន ក្នុងភូមិសាស្ត្រខណ្ឌចំការមន កន្លងមក ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានប្រាប់អ្នកយកព័ត៌មានថា ដេីម្បីអនុវត្ដន៍តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព អាជ្ញាធរខណ្ឌតែងតែចុះរឹបអូស និងបង្ក្រាបកន្លែងលេងហ្គេមខុសច្បាប់ជាបន្ដបន្ទាប់ ដែលទីតាំងហ្គេមទាំងនេះ បានធ្វើឱ្យសិស្សសាលាវក់លេងមិនចូលរៀនសូត្រ ។ លោក ថេង សុថុល បានបញ្ជាក់ថា អាជ្ញាធរត្រូវតែបំផ្លាញទូហ្គេមទាំងនេះចោល មិនអនុញ្ញាតឱ្យធ្វើការសម្របសម្រួល ឬធ្វើកិច្ចសន្យាជាមួយម្ចាស់ទូហ្គេមនោះឡើយ បើមិនដូច្នោះទេ ពួកគេនឹងបើកលេងបន្ដ។

ក្នុងឱកាសនៃការវាយកម្ទេចទូហ្គេមបាញ់ត្រីខុសច្បាប់ខាងលេី នេះអភិបាលខណ្ឌចំការមន បានព្រមានដល់ម្ចាស់ទូហ្គេម និងស្នើដល់អាណាព្យាបាលសិស្ស ពេលឃើញកូនចៅ របស់ខ្លួនចូលលេងហ្គេម ត្រូវរាយការណ៍មកអាជ្ញាធរ និងសង្កាត់ ដើម្បីចុះបង្ក្រាបហ្គេមនោះ ។ លោកអភិបាលខណ្ឌ បានបន្តថា កាលណាមានហ្គេម គឺជាការពង្វក់ស្មារតីដល់សិស្ស ចូលលេងភ្លេចការសិក្សារបស់ខ្លួន និងអាចឈានដល់ការប្រព្រឹត្តនូវអំពើចោរកម្ម ដោយសារចាញ់ហ្គេមនេះ ជំហានទី១លួចទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ ហើយជំហានទី២ឈានដល់ លួចទ្រព្យអ្នកដទៃ ។

ក្នុងឱកាសនោះដែរ អភិបាលខណ្ឌចមការមន លោក ថេង សុថុល បានក្រើនរំលឹកនគរបាល អាវុធហត្ថ កុំយកតួនាទី ភារកិច្ចរបស់ខ្លួន ទៅកាង ទៅគាបជំរិតដាក់ខែ ដើម្បីលាភសក្ការ:ពីល្បែង ទាំងអស់នេះ ។ ហេីយលោកអភិបាលក៏បានអំពាវនាវឱ្យសិស្សានុសិស្ស ត្រូវគិតគូរពីការរៀនសូត្រ មិនត្រូវវក់នឹងល្បែងស៊ីសង ដូចជាលេងហ្គេមនោះឡើយ ហើយអាជ្ញាធរខណ្ឌ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព និងបន្ដបង្ក្រាបកន្លែងបើកហ្គេមនៅក្នុងខណ្ឌចំការមនទាំងអស់ ព្រមទាំងណែនាំបន្ដទៀត ដល់អាជ្ញាធរមូលដ្ឋាននានា ត្រូវរាយការណ៍ ជូនមកសាលាខណ្ឌ បើសិនជាមានការបើកលេង ហ្គេមនៅក្នុងទឹកដីរបស់ខ្លួននោះ ។

ក្នុងប្រតិបត្តិការ ខាងលេី ប្រជាពលរដ្ឋបានគាំទ្រទៅលើចំណាត់ការរបស់អាជ្ញាធរខណ្ឌ ដែលបានចាប់បង្ក្រាបដុតកំទេចទូហ្គេមចោលជាច្រើនគ្រឿង ដែលជាល្បែងពង្វក់ស្មារតីសិស្ស និងជាប្រភពបទល្មើសផ្សេងៗផងដែរ៕ធ.ដ
