ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យបុគ្គលិកទាំងអស់ ធ្វើការងារតាមអនឡាញរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស នៅថ្ងៃទី១៣ ខែមីនានេះ បានសម្រេចឲ្យបុគ្គលិកទាំងអស់ធ្វើការងារតាមប្រព័ន្ធទូរគមនាគមន៍ ឬអនឡាញវិញ ដើម្បីកុំឲ្យមានកណីរឆ្លងរាលដាលនៃវីរុស COVID-19 ។

ការសម្រេចចិត្តបែបនេះរបស់លោក ហ្គួទែរែស ត្រូវបានធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ដែលជាមន្ត្រីទូតហ្វីលីពីនប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ហើយនេះគឺជាករណីឆ្លងដំបូងបំផុតនៅឯទីស្នាក់ការកណ្តាលរបស់អង្គការពិភពលោកមួយនេះ ស្ថិតក្នុងទីក្រុងញូយ៉ក សហរដ្ឋម៉េរិក ។

លោក អាន់តូនីញ៉ូ ហ្គួទែរែស បាននិយាយថា លោកបានសម្រេចចិត្តរួចហើយ គឺចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បុគ្គលិកទាំងអស់ត្រូវបានតម្រូវឲ្យធ្វើកិច្ចការតាមប្រព័ន្ធតេឡេខម ឬ អនឡាញពីចម្ងាយវិញ លុះត្រាតែមានករណីចាំបាច់បំផុត ទើបពួកគេអាចមកបំពេញកិច្ចការងារនៅការិយា ល័យក្នុងទីក្រុងញូយ៉ក និងនៅជុំវិញពិភពលោក ៕


