ជំនួបពិភាក្សាការងារ ស្តីពីការពង្រឹងវិស័យព័ត៌មាន ដើម្បីថែរក្សាសុវត្ថិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ ក្នុងវិបត្តិជំងឺឆ្លង កូវីត-១៩

អត្ថបទដោយ៖
Kien Sereyvuth

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បង្ហាញថា ៖ ជំងឺឆ្លងដោយវារុសកូវីត-១៩ អាចព្យាបាលបាន តែការភ័យខ្លាចគឺជំងឺដ៏កាចសាហាវជាងកូវិត-១៩ ទៅទៀត ដូច្នេះកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់នៅក្នុងវិបត្តិនេះ គឺការថែរក្សាសុវត្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ។

ជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវារុសកូវិត-១៩ គឺជាប្រភេទជំងឺដែលអាចព្យាបាលបាន ក៏ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញទេ ដែលផ្តាច់យកជីវិតមនុស្សជាប្រចាំថ្ងៃ។ ករណីកូវីត-១៩ មកដល់ពេលនេះ នៅកម្ពុជាពុំទាន់មានករណីស្លាប់នៅឡើយទេ ក៏ប៉ុន្តែ ដោយសារតែការបញ្ចេញព័ត៌មានមិនពិត បានធ្វើឲ្យករណីកូវីត-១៩ បានក្លាយជាវិបត្តិនៃការភ័យខ្លាច បង្កគ្រោះថ្នាក់ដល់សង្គម។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងយ៉ាងដូច្នេះនៅក្នុងជំនួបពិភាគ្សាការងារជាមួយជាមួយលោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមផងដែរ ពីសំណាក់មន្រ្តីអ្នកនាំពាក្យជុំវិញអង្គភាពរដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តមបញ្ចាក់ថា ក្នុងតំណាក់ការនៃវិបត្តិកូវិត-១៩ ការពង្រឹងវិស័យព័ត៌មានដើម្បីថែរក្សាសុវត្ថិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ខ្លាំងណាស់ អ្វីដែលត្រូវធ្វើឲ្យមានប្រសិទ្ធភាព គឺការផ្សព្វផ្សាយឲ្យប្រជាជន មហាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ទាំងនៅទីក្រុងនិងជនបទ បានយល់ បានជឿ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ក្រោមការចាត់តាំងសកម្មភាពនៃការធ្វើសន្និសីទសារព័ត៌មាន ការផ្សព្វផ្សាយតាមរយៈវេទិកាសាធារណៈ ពិសេសត្រូវសកម្ម បង្កើនការយកចិត្តទុកដាក់បន្ថែមលើកម្មវិធីសន្ទនាមតិ ដែលមានស្រាប់នៅក្នុងកម្មវិធីទូទស្សន៍អនឡាញ និងវិទ្យុហ្វេសអឹម នៃមន្ទីរព័ត៌មានខេត្ត។

ដោយការអញ្ជើញមន្ត្រីជំនាញសុខាភិបាល ឆ្លើយតបចម្ងល់តាមទូរស័ព្ទ ជាមួយប្រជាពលរដ្ឋ និងបន្តការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាព នៃការតាមដានស្ថានភាពវិបត្តិកូវីត-១៩ ជូនប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដែលអាចបញ្ជាក់ប្រាប់ជូនប្រជាពលរដ្ឋថា ព័ត៌មានពិតនៅទីនេះ ចៀសវាងការស្តាប់ ការមើល ហើយទទួលយកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត បង្កើតការភ័យខ្លាចនោះ។ ប្រជាជនទទួលបានសុវត្តិភាពផ្លូវចិត្ត គឺជាប្រក្រតីភាពក្នុងជីវភាពរស់នៅរបស់ប្រជាជន មិនភ័យខ្លាចចំពោះវិបត្តិកូវិត-១៩ តែប្រុងប្រយ័ត្នការពារសុខភាពបានល្អប្រសើរ។

នៅក្នុងដំណើរបំពេញការងារនៅខេត្តសៀមរាប ក្រៅពីជំនួបពិភាក្សាការងារស្តីពីការថែរក្សាសុវត្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ ឯកឧត្តមក៏បានពិនិត្យស្វែងយល់ផងដែរអំពីស្ថានភាពទូទៅក្នុងក្រុងសៀមរាប និងបានជួបស្តាប់របាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល ស្តីពីបច្ចុប្នន្នភាពនៃការព្យាបាលបុរសផ្ទុកកូវិត-១៩ សំណេះសំណាលលើកទឹកចិត្តគ្រូពេទ្យបង្អែកខេត្តសៀមរាប ដែលឯកឧត្តមចាត់ទុកថា ជាគ្រូពេទ្យជួរមុខនៃសមរភូមិវិបត្តិកូវីត-១៩ ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner