រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះទៅពិនិត្យការងារមន្ដ្រីចត្ដាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចត្ដាឡីស័ក របស់ថៃ ដើម្បីការងារបង្ការការចម្លងជំងឺ COVID-19 រវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៣មីនា នេះ បានអញ្ជើញចុះទៅពិនិត្យការងារមន្ដ្រីចត្ដាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចត្ដាឡីស័ក របស់ថៃ ដើម្បីការងារបង្ការការចម្លងជំងឺ COVID-19 រវាងប្រទេសទាំងពីរ។

លោកសាស្ត្រាចារ្យ ម៉ម  ប៊ុនហេង បានថ្លែងថា ដើម្បីបន្ថែមទៅលើការការពារ ទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើម COVID-19 ដែលកំពុងផ្ទុះឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក មន្ត្រីជំនាញនៃប្រទេសទាំងពីរ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងកុំធ្វេសប្រហែស បើសិនរកឃើញបុគ្គលណា មានអាការៈក្តៅខ្លួនគួរអោយសង្ស័យ ត្រូវធ្វើការតាមដានសុខភាពរបស់បុគ្គលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋ ត្រូវមានការការពារខ្លួន ដោយត្រូវអនាម័យ ឧស្សាហលាងដៃ ពាក់ម៉ាស ពាក់ក្រមា ក៏បាន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ថ្មីៗនេះ បានរកឃើញវិជ្ជមានកូវិដចំនួន៣ករណី នៃទេសចរជាតិអង់គ្លេសដែលធ្វើដំណើរតាមនាវាទេសចរពីប្រទេសវៀតណាមមកកម្ពុជា។ នាវាទេសចរ Viking Cruise Journey ដែលបានចូលចតនៅកំពង់ផៃកំពង់ចាម មានផ្ទុកអ្នកដំណើរ៦៤នាក់ និងអ្នកវិជ្ជមានដែលត្រូវបានរកឃើញត្រូវបានបញ្ជូនទៅធ្វើការព្យបាលដាច់ដោយឡែក។ ចំណែកអ្នកនៅសល់ ក៏ត្រូវបានរៀបចំអោយស្នាក់នៅដាច់ដោយឡែក ក្នុងសណ្ឋាគារមួយនៃខេត្តកំពង់ចាមនោះ។

ករណី ដែលរកឃើញមុននេះ គឺបុរសជនជាតិខ្មែរម្នាក់វ័យ៣៨ឆ្នាំ នៅក្នុងខេត្តសៀមរាប ដែលបានឆ្លងពីជនជាតិជប៉ុន និងពេលនោះ បុរសនោះ ក៏កំពុងសម្រាកព្យាបាលដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តសៀមរាប ផងដែរ ដោយមានការបញ្ជាក់ថា មកដល់ថ្ងៃនេះ បុរសនោះ គឺមានសុខភាពល្អ និងករណី រកឃើញដំបូងបំផុត គឺកើតឡើងក្នុងខេត្តព្រះសីហនុ នៃជនជាតិចិនម្នាក់ និងត្រូវបានព្យាបាល និងក្រោយព្យាបាលជាសះស្បើយ ទើបត្រឡប់ទៅស្រុកកំណើតវិញហើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner