ក្រសួងមហាផ្ទៃអនុញ្ញាតការបង្កើតគណបក្សនយោបាយឈ្មោះ បេះដូងជាតិ (Video Inside)
ក្រសួងមហាផ្ទៃ បានអនុញ្ញាតការបង្កើតគណបក្សបេះដូងជាតិ យោងតាមសេចក្តីស្នើសុំរបស់ក្រុមអ្នកនយោបាយ ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូន តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក កាលថ្ងៃទី២១មិថុនា បានឲ្យដឹងថាក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាននៅផ្ទះលេខ២០៩ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គណបក្សគ្រោងនឹងបង្កើតថ្មីនេះ ត្រូវគេរាយការណ៍ថាគឺជាគណបក្ស ដែលធ្លាប់មានប្រវត្តិជិតស្និទ្ធនឹងអតីតក្រុមគណបក្សប្រឆាំងដែលរងការរំលាយដោយអំណាចសាលដីកាតុលា កំពូល។
ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់លោកសៀម ភ្លុក ថា ដើម្បីទទួលបានសុពលភាព និង អាចធ្វើសកម្មភាពបាន ដោយស្របច្បាប់ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំ ចុះបញ្ជីនៅក្រសួង មហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ ស្ដីពីគណបក្សនយោបាយ៕