ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មី២៥នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានរកឃើញករណីឆ្លងកូវីដ១៩ លើមនុស្សចំនួន ២៥នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាចំនួនឆ្លងច្រើនជាងម្សិលម៉ិញរហូតដល់១២នាក់ ដោយកាលពីថ្ងៃច័ន្ទម្សិលម៉ិញនោះបាន រកឃើញអ្នកឆ្លងថ្មីតែចំនួន១៣នាក់នោះទេ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ភាគច្រើនជាកម្មកររោងចក្រចំនួន២៣នាក់ និងជាស្រ្តីមេផ្ទះចំនួន ២នាក់ ។ ពលរដ្ឋទាំង២៥នាក់នោះ ជាអ្នកស្រុកបរិបូរណ៍ចំនួន ២០នាក់, អ្នកស្រុកកំពង់ត្រឡាច៣នាក់ និងអ្នកស្រុករលាប្អៀរចំនួន ២នាក់ ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៤២ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៣៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៤នាក់។