រន្ទះបាញ់សម្លាប់មនុស្ស២នាក់ នៅខេត្តកណ្តាល (Video Inside)
គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្ស២នាក់នៅក្នុងខេត្តកណ្តាល។ ហេតុការណ៍នោះបានកើតឡើងកាល ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទំនប់សង្កែសោម, ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ក្នុង ស្រុកស្អាង ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងនោះ យុវជនខ្មែរឥស្លាម២នាក់បាននាំគ្នាជ្រកនៅ ក្រោមដើមកាស្យា និងមានហេតុការណ៍រន្ទះបាញ់កើតឡើង។
បុរសទាំង២នាក់ដែលស្លាប់ដោយរន្ទះបាញ់រួមមាន ឈ្មោះ ម៉ាត់ នសា អាយុ២៨ឆ្នាំ និងឈ្មោះ ស៊េន ម៉ាអ៊ែល អាយុ១៦ឆ្នាំ។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២២ ខែមិថុនា នោះ យុវជនទាំង២នាក់បានទៅទាក់សត្វជាមួយនិងឪពុក។ ខណៈពេលមានភ្លៀងធ្លាក់និងខ្យល់ អ្នកទាំង២ បាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យា និងភ្លាមនោះ ក៏ត្រូវរន្ទះបាញ់ បានបាញ់ចំដើម កាស្យាបណ្តាលអោយជនរងគ្រោះទាំងពីរនាក់ស្លាប់ នៅកន្លែងកើតហេតុនោះផងដែរ។
គិតរវាងខែមេសា, ឧសភានិងមកត្រឹមថ្ងៃទី២៣ខែមិថុនានេះ តួលេខមិនទាន់ផ្លូវការ បានបង្ហាញថា ករណីរន្ទះ បាញ់ បានសម្លាប់មនុស្សយ៉ាងហោច២០នាក់, ធ្វើឲ្យរបួស១២នាក់, ធ្វើឲ្យស្លាប់គោក្របី១១ក្បាល ក្នុងហេតុ ការណ៍កើតឡើងក្នុងខេត្ត ចំនួន១០ គឺ ខេត្តកណ្តាល ,ខេត្តមណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺ, ខេត្តក្រចេះ និងខេត្តពោធិ៍សាត់។