ប្រមុខអង្គការសហប្រជាជាតិទទូចឱ្យគ្រប់ប្រទេសទប់ស្កាត់ជាបន្ទាន់ ខណៈមេរោគ COVID-19 ត្រូវបានចាត់ទុកថា ជាជំងឺរាតត្បាតសកល

បរទេស៖  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស បានថ្លែងថា ការប្រកាសអំពីការរាតត្បាតជំងឺឆ្លងជាសកលនេះ គឺជាការអំពាវនាវឲ្យមានវិធានការរួមមួយសម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង លោកថា វាក៏ជាការទទូចឲ្យមានទំនួលខុសត្រូវ និងការរួបរួមសាមគ្គីរវាងប្រជាជាតិទាំងអស់ ឲ្យក្លាយជាធ្លុងមួយ ក្នុងនោះប្រជាជនទាំងអស់ក៏ត្រូវរួបរួមគ្នាដែរ ។

នាឱកាសថ្លែងសារមួយនៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក លោក ហ្គួទែរែស ក៏បានព្រមានអំពីហានិភ័យ ដែលបង្កឡើងដោយការភ័យស្លន់ស្លោផងដែរ ហើយលោកបានណែនាំឲ្យគ្រប់គ្នាត្រូវព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស និងមិនអាចទុកឲ្យការភ័យខ្លាចរីករាលដាលនោះឡើយ ។

ការលើកឡើងខាងលើនេះរបស់លោក អាន់តូនីញ៉ូ ហ្គួទែរែស ត្រូវបានធ្វើឡើងស្របពេលដែលអង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១១ ខែមីនានេះ បានប្រកាសចាត់ទុកវីរុស COVID-19 ជាជំងឺថ្មីកំពុងរាតត្បាតជាសកល ខណៈប្រទេសជាង១២០ហើយ សុទ្ធតែបានរាយការណ៍អំពីករណីឆ្លង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner